បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅពេលថ្មីៗនេះ បានជំរុញប្រទេសប៉ារ៉ាហ្គាយ ឲ្យធ្វើការងារជាមួយសម្ព័ន្ធមិត្តការទូតរបស់ខ្លួន គឺកោះតៃវ៉ាន់ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ ក្រោយមានការតវ៉ា ក្នុងប្រទេសអាមេរិកខាងត្បូងនោះ ជុំវិញការគ្រប់គ្រងវិបត្តិសុខភាពរបស់រដ្ឋាភិបាល។
ពលរដ្ឋប៉ារ៉ាហ្គាយរាប់ពាន់នាក់ បានធ្វើការតវ៉ានៅក្នុងរដ្ឋធានី Asunción ជុំវិញការខ្វះឱសថនិងគ្រែសម្រាកព្យាបាល ស្របពេលករណីឆ្លងជម្ងឺកូវីដ១៩កើនឡើង និងអំពាវនាវឲ្យធ្វើការចោទប្រកាន់ លោកប្រធានាធិបតី Mario Abdo។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា លោក Antony Blinken បាននិយាយជាមួយលោក Mario Abdo កាលពីថ្ងៃអាទិត្យ ដោយគូសបង្ហាញពីកិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដើម្បីជួយដោះស្រាយ បញ្ហារាតត្បាតនៃជម្អឺ និងបង្ហាញពីសារៈសំខាន់នៃសេរីភាពបញ្ចេញមតិ បាតុកម្មដោយសន្តិវិធី និងនីតិរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបាននិយាយដូច្នេះថា “ក្រសួងបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការបន្តធ្វើការងារជាមួយដៃគូ ប្រជាធិបតេយ្យក្នុងតំបន់និងពិភពលោក ដោយរួមមានទាំងកោះតៃវ៉ាន់ផង ដើម្បីទប់ស្កាត់ការរាតត្បាតជម្ងឺជាសកលនេះ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងបង្កើនតម្លាភាពនិងគណនេយ្យភាព” ៕
ប្រែសម្រួល៖ ប៉ាង កុង
