ព័ត៌មានអន្តរជាតិ

បារាំង ធ្លាក់ចូលក្នុង​រលកទី៣ នៃជំងឺឆ្លងកូវីដ-១៩

ប៉ារីស ៖ នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានឲ្យដឹងដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលរបស់លោក នៅតែចាត់ទុកការចាក់វ៉ាក់សាំង ជាអាទិភាពកំពូល នៃយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស ខណៈប្រទេស កំពុងធ្លាក់ចូលក្នុងរលកទី៣ នៃជំរាតត្បាតមួយនេះ។

លោកបានប្រាប់សវនាការនៅវិមានរដ្ឋសភា សភាជាន់ទាបនៃប្រទេសបារាំង ដែលបានសង្កេតឃើញភាពស្ងប់ស្ងាត់មួយរយៈខ្លី ក្នុងការចងចាំជនរងគ្រោះជាង ៩ម៉ឺននាក់ ដែលរងគ្រោះដោយរោគរាតត្បាតមួយឆ្នាំ បន្ទាប់ពីការបិទទ្វារជាតិលើកដំបូង។

រដ្ឋាភិបាលបារាំង បានសន្យាថា នឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០ លានដូសនៅពាក់កណ្តាលខែមេសា ២០លាននៅពាក់កណ្តាលខែឧសភា និង ៣០លាននៅរដូវក្តៅខាងមុខនេះ។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ មនុស្សចំនួន ៥,២៩៥,៧៣៥ នាក់បានទទួលវ៉ាក់សាំង ដូសទី១។

ក្នុងចំណោមវ៉ាក់សាំង ដែលបានចាក់មានចំនួន ១,៣ លាននាក់ គឺជាវ៉ាក់សាំង AstraZeneca ដែលការប្រើប្រាស់របស់ពួកគេ ត្រូវបានផ្អាកកាលពីល្ងាចថ្ងៃច័ន្ទ នៅប្រទេសបារាំង និងនៅក្នុងបណ្តា ប្រទេសអ៊ឺរ៉ុប ចំនួន ២០ ផ្សេងទៀត បន្ទាប់ពីមានរបាយការណ៍អំពីផលប៉ះពាល់ រួមទាំងការកកឈាម ក្នុងខ្លួនអ្នកជំងឺ។

កាសែតបារាំង Daily Le Monde បានឲ្យដឹងនៅក្នុងបទវិចារណកថា មួយកាលពីថ្ងៃអង្គារថា ការផ្អាកបែបនេះនឹងជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរដល់យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងនៅអឺរ៉ុប៕ដោយ ឈូក បូរ៉ា

To Top