វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានស៊ីអិនអិន បានចុះផ្សាយដោយដកស្រង់សម្តីមន្រ្តីជាច្រើន ដែលលើកឡើងក្នុង លក្ខខណ្ឌអនាមិកថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់សហរដ្ឋអាមេរិក បានវាយតម្លៃថា កូរ៉េខាងជើង អាចត្រៀម ធ្វើតេស្តអាវុធលើកដំបូង របស់ខ្លួន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានឡើងកាន់តំណែងកាលពីក្នុងខែមករា ។
ទូរទស្សន៍ CNN បានចុះផ្សាយថា ក្រុមមន្ត្រីទាំងនោះបានប្រុងស្មារតី នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធា ដែលបានធ្វើមាត្រដ្ឋានថយចុះ ហើយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin កំពុងស្ថិតនៅក្នុងទ្វីបអាស៊ី សម្រាប់កិច្ចប្រជុំជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។
ប្រមុខបញ្ជាការភាគខាងជើង សហរដ្ឋអាមេរិក ដែលទទួលបន្ទុកការពារទ្វីបអឺរ៉ុប ក៏បានព្រមានអំពី“ ជោគជ័យដ៏គួរឱ្យព្រួយបារម្ភ” ក្នុងដំណើរស្វែងរករបស់កូរ៉េខាងជើង ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការគំរាមកំហែងដល់ទឹកដី កំណើតអាមេរិក ជាមួយនឹងមីស៊ីលផ្លោងអន្តរទ្វីប ដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ ។
ដោយកត់សម្គាល់ថា ទីក្រុងព្យុងយ៉ាង បានបង្ហាញថា ខ្លួនលែងមានជាប់ទាក់ទង នឹងការហាមឃាត់នុយក្លេអ៊ែរ និងមីស៊ីលICBM ដែលត្រូវបានប្រកាសជាផ្លូវការ នៅក្នុងឆ្នាំ២០១៨ នេះ។
ប្រទេសកូរ៉េខាងជើង មិនបានសាកល្បងមីស៊ីល ICBMs ឬឧបករណ៍នុយក្លេអ៊ែរនោះទេ ចាប់តាំងពីឆ្នាំ២០១៧ មក ប៉ុន្តែប្រទេសសម្ងាត់នេះ ត្រូវបានគេជឿជាក់ថា បានបន្តពង្រឹងសមត្ថភាព យោធារបស់ខ្លួន នៅពេលដែលការចរចានុយក្លេអ៊ែរ ជាមួយរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតក្នុងភាពជាប់គាំង។
រដ្ឋបាលលោក ចូ បៃដិន ថ្មីៗនេះបានសារភាពថាខ្លួនបានដាក់សំណើដល់រដ្ឋាភិបាលកូរ៉េខាងជើងចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ក្នុងគោលបំណង ដើម្បីកាត់បន្ថយនូវអ្វីដែលគេហៅថា “ ហានិភ័យនៃការកើនឡើង” ប៉ុន្តែរហូតមកដល់ពេលនេះ ខ្លួនមិនទាន់ទទួលបានការ ឆ្លើយតបណាមួយនោះទេ។
របាយការណ៍របស់ទូរទស្សន៍ស៊ីអិនអិន បានកើតឡើងបន្ទាប់ពីលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងជាជំនួយការជិតស្និទ្ធ បានរិះគន់សមយុទ្ធយោធា និងបានរិះគន់រដ្ឋបាលអាមេរិកថ្មី ដែលចង់ផ្សព្វផ្សាយក្លិនស្អុយនៃគ្រាប់កាំភ្លើង ពាសពេញលើផ្ទៃមហាសមុទ្រ ៕
ដោយ ឈូក បូរ៉ា