សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងបន្តមិនអើពើ នឹងការទាក់ទងណាមួយពីសហរដ្ឋអាមេរិកលើកលែងតែ ទីក្រុងវ៉ាស៊ីនតោន ដកគោលនយោបាយអរិភាពរបស់ខ្លួនឆ្ពោះ ទៅទីក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
អនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើងលោកស្រី Choe Son-hui ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានទាក់ទងទីក្រុងព្យុងយ៉ាង សូម្បីតែមួយថ្ងៃមុនពេលសមយុទ្ធរួមគ្នារបស់ខ្លួនជាមួយកូរ៉េខាងត្បូង ចេញមកពីប្រទេសទី៣។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងប្រមុខការពារជាតិរបស់ខ្លួន កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីសម្របសម្រួលវិធីរួមគ្នាឆ្ពោះទៅរកកូរ៉េខាងជើង និងពិភាក្សាអំពីបញ្ហាសម្ព័ន្ធភាពផ្សេងទៀត។
លោកស្រី Choe បាននិយាយដោយសំដៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា “យើងបានប្រកាសជំហររបស់យើងរួចហើយថា គ្មានការទាក់ទង និងការសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកណាមួយអាចធ្វើទៅបាននោះទេលុះត្រាតែអាមេរិក ដកគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើង នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ។
លោកស្រី Choe បានសង្កត់ធ្ងន់ថា“ បរិយាកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរពាក្យដោយឈរលើមូលដ្ឋានស្មើភាពគ្នា” ត្រូវតែបង្កើតឡើងមុនពេលមានកិច្ចចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកស្រីបន្ដថា សហរដ្ឋអាមេរិកបានប្រឹងប្រែងជាច្រើន ដើម្បីទាក់ទងកូរ៉េខាងជើង តាមរយៈបណ្តាញផ្សេងៗចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ។ មុននេះសេតវិមានបានឲ្យដឹងថា ខ្លួនបានព្យាយាមទាក់ទងកូរ៉េខាងជើង ដើម្បីពិភាក្សា ប៉ុន្តែកូរ៉េខាងជើង នៅតែមិនឆ្លើយតប៕ដោយ ឈូក បូរ៉ា