ព័ត៌មានអន្តរជាតិ

អាមេរិករឹតបន្តឹងទណ្ឌកម្ម នាំចេញទំនិញលើរុស្ស៊ី ជុំវិញរឿងបំពុលលោក Navalny

បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ បានពង្រីកការដាក់ទណ្ឌកម្ម នាំចេញទំនិញលើប្រទេសរុស្ស៊ី ជុំវិញការបំពុល និងការឃុំខ្លួនអ្នកនយោបាយប្រឆាំង និងជាអ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny។

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានប្រកាស ពីការពង្រីកទណ្ឌកម្មនាំចេញទំនិញ ដែលបានដាក់នៅក្នុងឆ្នាំ២០១៨ លើប្រទេសរុស្ស៊ី ក្នុងដំណើរឆ្លើយតប ចំពោះការបំពុលអតីតមន្ត្រីចារកម្មយោធា លោក Sergei Skripal និងកូនស្រី គឺអ្នកនាង Yulia Skripal នៅក្នុងប្រទេសអង់គ្លេស ដោយសារធាតុពុលដ៏សាហាវ។

គួរបញ្ជាក់ថា ទណ្ឌកម្មបន្ថែមទាំងនោះ គឺត្រូវបានដាក់នៅដើមខែនេះ ក្រោយលោក Navalny មានវ័យ៤៤ឆ្នាំ ត្រូវគេបំពុល ដោយសារធាតុគីមីពុលដូចគ្នានោះដែរ នៅក្នុងខែសីហា ក្នុងខណៈជិះយន្តហោះពីទីក្រុង Tomsk ទៅកាន់ទីក្រុងមូស្គូ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិក បាននិយាយដូច្នេះថា “តាមរយៈការប្រើប្រាស់ សារធាតុគីមីខុសច្បាប់លើអ្នកប្រឆាំង ទាំងនៅខាងក្នុង និងនៅខាងក្រៅព្រំដែនរបស់ខ្លួននោះ រដ្ឋាភិបាលរុស្ស៊ី បានធ្វើសកម្មភាព បំពានធ្ងន់ធ្ងរលើការប្តេជ្ញារបស់ខ្លួន ក្រោមអនុសញ្ញាអាវុធគីមី និងបានធ្វើឲ្យប្រជាពលរដ្ឋខ្លួន និងពលរដ្ឋរបស់ប្រទេសផ្សេងទៀត ប្រឈមមុខដោយត្រង់ ចំពោះគ្រោះថ្នាក់ដល់អាយុជីវិត”៕ ប្រែសម្រួល៖ប៉ាង កុង

To Top