ព័ត៌មានអន្តរជាតិ

រុស្ស៊ីចង់ឲ្យអាមេរិកសុំទោស ក្រោយលោក បៃដិន ហៅលោក ពូទីន ថាឃាតក

បរទេស៖ សមាជិករដ្ឋសភាជាន់ខ្ពស់រុស្ស៊ីមួយរូប នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី ចង់ឲ្យសហរដ្ឋអាមេរិកធ្វើការសុំទោស ក្រោយលោកប្រធានាធិបតី ចូ បៃដិន និយាយថា លោកគិតថា លោក វ្លាឌីមៀរ ពូទីន ជាឃាតករមួយរូប និងអាចធ្វើការសងសឹក ចំពោះទីក្រុងវ៉ាស៊ីនតោនវិញ ប្រសិនបើមិនទទួលបានការសុំទោសទេ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន ABC កាលពីមួយថ្ងៃមុន នៅពេលត្រូវគេសួរថា តើលោកជឿថា ប្រធានាធិបតីរុស្ស៊ីជាឃាតករដែរឬទេនោះ លោក បៃដិន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “ខ្ញុំពិតជាជឿ”។

ក្រោយពីនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានពិពណ៌នាថា លោក ពូទីន គ្មានព្រលឹង និងបានសន្យាថា លោកនឹងបង់តម្លៃ សម្រាប់ការជ្រៀតជ្រែងរបស់រុស្ស៊ី ក្នុងដំណើរបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

នៅក្នុងសកម្មភាពដ៏ខុសប្រក្រតីមួយ ដែលធ្វើឡើងក្រោយបទសម្ភាសន៍ របស់លោក បៃដិន នោះ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូត ប្រចាំនៅសហរដ្ឋអាមេរិករបស់ខ្លួន ឲ្យវិលមកប្រទេសវិញ ដើម្បីធ្វើការប្រឹក្សាបន្ទាន់ ជុំវិញអនាគត នៃចំណងមិត្តភាពអាមេរិកនិងរុស្ស៊ី៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top