ព័ត៌មានអន្តរជាតិ

ភាពសាហាវ ឃោរឃៅ របស់ប្រទេស មីយ៉ាន់ម៉ា ឬភូមា

បរទេស ៖ មនុស្សជាង ៥០ នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យ ១៤ ទីមីនា ដែលជាថ្ងៃដ៏បង្ហូរឈាមខ្លាំងបំផុត ចាប់តាំងពីយោធាមីយ៉ាន់ម៉ា បានផ្តួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយស៊ីវិល កាលពីថ្ងៃទី ១ ខែកុម្ភៈ ។ កម្លាំងសន្តិសុខត្រូវបានគេថតបាន ពេលបាញ់ទៅហ្វូងមនុស្ស បំផ្លាញទ្រព្យសម្បត្តិស៊ីវិល និងវាយទៅលើពេទ្យស្ម័គ្រចិត្ត។ ចាប់តាំងពីពេលនោះមកយោធា មីយ៉ាន់ម៉ា បានដាក់ចេញច្បាប់អាជ្ញាសឹក នៅតាមបណ្តាទីក្រុងមួយចំនួន ទាំងក្នុង និងជុំវិញទីក្រុងធំបំផុត របស់ប្រទេសគឺយ៉ាំងហ្គោន និងម៉ាន់ដាឡេ ។ តាមច្បាប់អាជ្ញាសឹក អ្នកតវ៉ាស៊ីវិល អាចត្រូវបានកាត់ទោស នៅក្នុងតុលាការយោធា ដោយគ្មានសិទ្ធិប្តឹងឧទ្ធរណ៍ឡើយ ។ យោធាក៏បានបិទ ការចូលប្រើអ៊ិនធឺរណែត ក្នុងគោលបំណងបញ្ឈប់ សកម្មជន ក្នុងការប្រាស្រ័យទាក់ទង ជាមួយគ្នានិងពិភពខាងក្រៅ ។

យោងតាមវែបសាយ Relief Web បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ថា យោងតាមការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គឺយ៉ាងហោចណាស់មានមនុស្សចំនួន ១៤៩ នាក់ ត្រូវបានសម្លាប់ដោយកងកំលាំង សន្តិសុខចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ហើយទោះបីជាយ៉ាងណា របាយការណ៍ ដែលអាចទុកចិត្តបានពីក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា ចំនួនអ្នកស្លាប់អាចខ្ពស់ដល់ ២០០ នាក់។ ។ ការិយាល័យ OHCHR ក៏បានបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ មានមនុស្ស ៥ នាក់បានស្លាប់ ខណៈពេលកំពុងស្ថិត ក្នុងការឃុំឃាំងរបស់កងសន្តិសុខ ដោយយ៉ាងហោចណាស់ មានសាកសពពីរបានបង្ហាញ ពីការធ្វើទារុណកម្ម ។ យោងតាមសមាគមជំនួយ អ្នកទោសនយោបាយ គឺយ៉ាងហោចណាស់ មនុស្ស ចំនួន ២ ១៨១ នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ ឬកាត់ទោស ចាប់តាំងពីមានរដ្ឋប្រហារមក។

នៅក្នុងសុន្ទរកថា របស់លោកទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិនៅថ្ងៃទី ១១ ខែមីនា អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅមីយ៉ាន់ម៉ាលោក Tom Andrews បាន និយាយថា ការរំលោភបំពាន ដែលបានធ្វើឡើង ដោយយោធាចាប់ តាំងពីរដ្ឋប្រហារ អាចជាបទឧក្រិដ្ឋប្រឆាំង នឹងមនុស្សជាតិ ។ កងកំលាំងសន្តិសុខ បានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ គ្រាប់បែកដៃ ប្រឆាំងនឹង ក្រុមបាតុករដែលគ្មានអាវុធ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top