ព័ត៌មានអន្តរជាតិ

ស្លាប់០៩នាក់ទៀត ហើយនៅមីយ៉ាន់ម៉ា ខណៈការបង្រ្កាប ដ៏ឃោរឃៅ បានធ្វើឡើង នៅក្រុងរ៉ងហ្គូន

រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា នៅតាមដងផ្លូវនានា ចេញពីទីក្រុងធំបំផុត របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ ពោរពេញដោយប្រជាជន ដែលភៀសខ្លួនពីការបង្ក្រាបដ៏ឃោរឃៅ របស់របបប្រល័យពូជសាសន៍ ទៅលើរបបប្រឆាំងរដ្ឋប្រហារ ខណៈអាជ្ញាធរក្នុងប្រទេសថៃឡង់ដ៏ ដែលនៅជិតខាងបាននិយាយថា ពួកគេកំពុងត្រៀម សម្រាប់ការហូរចូលជនភៀសខ្លួន ។

មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធា បានបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបង្កឱ្យមានការបះបោរទ្រង់ទ្រាយធំមួយ ដែលកម្លាំងសន្តិសុខបានព្យាយាមបង្ក្រាបជាមួយនឹង យុទ្ធនាការដោយអំពើហិង្សា និងបង្កការភ័យខ្លាច ។

អ្នកផ្តល់សេវាបុណ្យសព និងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា យ៉ាងហោចណាស់មានបាតុករ ចំនួន០៩នាក់ទៀត ត្រូវបានសម្លាប់នៅថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសចាប់ តាំងពីរដ្ឋប្រហារឡើងដល់ជាង២៣០នាក់ ។

មន្ត្រីទទួលបន្ទុកពិធីបុណ្យសព ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មានមនុស្ស០៨នាក់ ត្រូវបានសម្លាប់ ដែល០៧ នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសដែលបានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅជិតទីក្រុង Kalaw ។

អ្នកនាំពាក្យ របបយោធា មិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗទេ ប៉ុន្តែកន្លងមកបាននិយាយថា កងសន្តិសុខ បានប្រើប្រាស់កម្លាំង តែនៅពេលចាំបាច់ប៉ុណ្ណោះ ។

ក្រុមអ្នករិះគន់មួយចំនួនបាននិយាយថា វាជាការលើកឡើង របស់កងកម្លាំងដូច្នេះ ដូចជាសមហេតុផលសោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top