ព័ត៌មានអន្តរជាតិ

ការបង្កើនភាព ជាដៃគូការពារជាតិ អាមេរិក-ឥណ្ឌា គឺជាអាទិភាព នៃរដ្ឋបាលលោក បៃដិន

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបង្កើនភាពជាដៃគូ ការពារជាតិអាមេរិកនិងឥណ្ឌា គឺជាអាទិភាពមួយ នៃរដ្ឋបាលលោក បៃដិន ស្របពេល លោកពិពណ៌នា ចំណងមិត្តភាព រវាងប្រទេសទាំងពីរថា ជាចំណុចរឹងមាំ នៃសេរីភាព និងភាពបើកចំហ នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

ក្រោយជួបគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh នោះ លោករដ្ឋមន្ត្រីការពារជាតិ អាមេរិក បានមានប្រសាសន៍ប្រាប់ថា ប្រទេសឥណ្ឌា គឺជាដៃគូដ៏សំខាន់មួយ នៅក្នុងចំណោមឌីណាមីកអន្តរជាតិ ផ្លាស់ប្តូររហ័ស ហើយទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាយកភាពជាដៃគូការពារជាតិ ជាមួយទីក្រុងញូដេលី ជាសសរទ្រូងនៃវិធីសាស្ត្រក្នុងតំបន់ ។

គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេស អាមេរិក បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ជាផ្នែកនៃការធ្វើដំណើរបរទេស ដំបូងរបស់លោក ដែលបង្ហាញពីការប្តេជ្ញាដ៏ខ្លាំងក្លា របស់រដ្ឋបាល លោក បៃដិន ចំពោះចំណងមិត្តភាព របស់ខ្លួនជាមួយសម្ពន្ធមិត្ត និងដៃគូជិតស្និទ្ធ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “ខ្ញុំបានធ្វើការបញ្ជាក់ជាថ្មី នូវការប្តេជ្ញា របស់យើង ចំពោះភាពជាដៃគូដ៏ទូលាយ និងគួរឲ្យរំពឹងទុកមួយ ជាមួយប្រទេសឥណ្ឌា ដែលជាសសរទ្រូងមួយ នៃវិធីសាស្ត្រ របស់យើងចំពោះតំបន់” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top