ព័ត៌មានអន្តរជាតិ

លោក Biden ថ្កោលទោសតួកគីបញ្ហា ដកខ្លួនចេញពីសន្ធិសញ្ញាមួយដើម្បីការពារស្រ្តី

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថ្កោលទោសទៅលើប្រទេសតួកគី ក្រោយប្រទេសនេះបានប្រកាសដកខ្លួនចេញពី សន្ធិសញ្ញាអន្តរជាតិមួយដែលបង្កើតឡើង ដើម្បីការពារស្ត្រីឲ្យចេញផុតពីអំពីហិង្សានានា។

លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានធ្វើសេចក្តីថ្លែងបន្ថែមទៀតថា៖ការសម្រេចចិត្តរបស់ តួកគីគឺពិតជាបានធ្វើឲ្យគ្រប់គ្នាខកចិត្តយ៉ាងខ្លាំងនិងគឺជាការបង្អាក់ជំហ៊ាន ឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកដើម្បីការពារស្ត្រី ពីការវាយប្រហារណាមួយ។

គួរឲ្យដឹងដែរថាប្រធានាធិបតីតួកគីលោក Tayyip Erdogan និងរដ្ឋាភិបាលរបស់លោកបានប្រកាសដកខ្លួនដោយឯកតោភាគីចេញពី សន្ធិសញ្ញានេះក្រោយរយៈពេល១០ឆ្នាំដែលខ្លួនមានឈ្មោះ ជាប្រទេសហត្ថលេខីដំបូងគេហើយកំពុងធ្វើឲ្យមានការ តវ៉ាប្រឆាំងយ៉ាងខ្លាំងដោយស្ត្រីនៅទូទាំងប្រទេសផងដែរ។

សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា ឡើងដោយប្រទេសចំនួន៤៥មកហើយនិងប្លុកអ៊ឺរ៉ុបផងដែរ ហើយវាដូចជាច្បាប់មួយដែលតម្រូវឱ្យរដ្ឋាភិបាល អនុម័តច្បាប់ដើម្បីកាត់ទោសទៅលើករណីទាំងឡាយណាដែល ពាក់ព័ន្ធទៅនឹងអំពើហឹង្សាក្នុងគ្រួសារនិងការរំលោភ បំពានដែលមានភាព ស្រដៀងគ្នាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top