ព័ត៌មានអន្តរជាតិ

រុស្ស៊ី និយាយថា ការច្រានចោលរបស់អាមេរិក ចំពោះកិច្ចពិភាក្សាលោក ពូទីន និងលោក បៃដិន គឺជាការខាតបង់ឱកាស

បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ការបដិសេធរបស់សហរដ្ឋអាមេរិក មិនរៀបចំកិច្ចពិភាក្សាផ្ទាល់តាមអនឡាញ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតី ចូ បៃដិន ក្រោយប្រធានាធិបតីអាមេរិកនិយាយថា លោកជឿថា ប្រធានាធិបតីរុស្ស៊ីជាឃាតករនោះ គឺជការខាតបង់ឱកាសធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយដូច្នេះថា “យើងធ្វើការកត់សម្គាល់ជាមួយសេចក្តីសោកស្តាយ ដែលភាគីអាមេរិកមិនគាំទ្រសំណើប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជមួយប្រធានាធិបតីអាមេរិក លោក បៃដិន ដើម្បីពិភាក្សាអំពីបញ្ហានានា ដែលកើតមានក្នុងចំណងមិត្តភាពទ្វេភាគី ព្រមទាំងស្ថានភាពជុំវិញស្ថិរភាពនុយក្លេអ៊ែយុទ្ធសាស្ត្រ”។

“ឱកាសមួយផ្សេងទៀត ត្រូវបានខកខានក្នុងការស្វែងរកផ្លូវចេញពីការជាប់គាំង នៅក្នុងចំណងមិត្តភាពរវាងរុស្ស៊ីនិងអាមេរិក ដែលបង្កឡើងដោយទីក្រុងវ៉ាស៊ីនតោន ហើយការទទួលខុសត្រូវចំពោះបញ្ហានេះ គឺស្ថិតនៅទាំងស្រុងជាមួយសហរដ្ឋអាមេរិក”។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ពូទីន បាននិយាយថា លោកនិងលោក បៃដិន គួរតែប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ក្រោយចំណងមិត្តភាព ធ្លាក់ចុះដល់កម្រិតទាបថ្មីក្រោយសង្គ្រាមត្រជាក់៕ប្រែសម្រួល៖ប៉ាង កុង

To Top