ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប្រេងអ៊ីរ៉ង់ ត្រៀមបង្កើន ផលិតកម្មប្រេង ដល់កម្រិតមួយ មុនការដាក់ទណ្ឌកម្ម របស់អាមេរិក

តេអេរ៉ង់ ៖ មន្រ្តីថាមពលអ៊ីរ៉ង់ម្នាក់បានឲ្យដឹង កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនរបស់អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកម្រិត នៃការផលិតប្រេងឆៅ របស់ខ្លួន ដល់កម្រិតមួយមុនការដាក់ទណ្ឌកម្ម របស់មហាអំណាចអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Ahmad Mohammadi នាយកប្រតិបត្តិ NISOC បានលើកឡើងថា“ ផលិតផលរបស់ក្រុមហ៊ុន ប្រេងខាងត្បូងរបស់អ៊ីរ៉ង់ (NISOC) បានកើនឡើង“ គួរឱ្យកត់សម្គាល់” ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទោះបីមានការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក៏ដោយ។

លោក Mohammadi បានអះអាង ដោយមិនបញ្ជាក់ពីតួលេខថា ផលិតកម្មនៅក្នុងតំបន់ប្រេងកាត នៅលើដី ដែលគ្រប់គ្រងដោយក្រុមហ៊ុន នៅក្នុងខេត្តចំនួន៤ របស់អ៊ីរ៉ង់នៅភាគខាងត្បូង និងនិរតី បានកើនឡើង ៣០ ភាគរយក្នុងរយៈពេល ៦ ខែកន្លងមក គិតត្រឹមថ្ងៃទី២០ ខែមីនា។

លោកត្រូវបានគេដកស្រង់សម្តី ដោយលើកឡើងថា NISOC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ គ្រប់គ្រងដោយរដ្ឋគ្រោង នឹងពង្រីកផលិតកម្មរបស់ខ្លួនបន្ថែម ១០ ភាគរយទៀត នៅក្នុងឆ្នាំប្រតិទិនអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី២១ ខែមីនា។

លោកបានបញ្ជាក់ថា“ ប្រសិនបើទណ្ឌកម្មរបស់អន្ដរជាតិ ជាពិសេសមហាអំណាចអាមេរិក ត្រូវបានដកចេញ អ៊ីរ៉ង់ នឹងបង្កើនទំហំផលិតកម្មរបស់ខ្លួន បានយ៉ាងឆាប់រហ័ស” ។

កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) បានជួយឱ្យអ៊ីរ៉ង់ នាំចេញប្រេងជាង ២ លានបារ៉ែលមុនពេលការដាក់ទណ្ឌកម្ម ជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ នៅរដូវក្តៅកាលពីឆ្នាំ ២០១៨ ៕

ដោយ ឈូក បូរ៉ា

To Top