ព័ត៌មានអន្តរជាតិ

របបយោធា មីយ៉ាន់ម៉ា ចោទប្រកាន់ក្រុមបាតុករ ខណៈអឺរ៉ុប និង ដាក់ទណ្ឌកម្ម 

រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមបាតុករប្រឆាំងនឹងរបបយោធាអំពីការដុតបំផ្លាញ និងអំពើហឹង្សានៅពេលដែលបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មបន្ថែមទៀតលើបុគ្គល និងក្រុមដែលជាប់ទាក់ទងនឹងរដ្ឋប្រហារកាលពីខែមុន និងការបង្ក្រាបដ៏ឃោរឃៅមួយប្រឆាំងក្រុមអ្នកតវ៉ា។

អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានលើកឡើងថា ក្រុមបាតុករ ១៦៤ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា និងបានសម្តែងការសោកស្តាយ ចំពោះការស្លាប់នេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីណៃពិដោរ នៅថ្ងៃអង្គារនេះថា“ ពួកគេក៏ជាពលរដ្ឋរបស់យើងដែរ” ។

ជាមួយគ្នានេះដែរ ក្រុមសកម្មជនសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយបានអះអាងថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៦១ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដ៏ឃោរឃៅរបស់កងកម្លាំងសន្តិសុខ។

សាក្សី និងសេចក្តីរាយការណ៍បានឲ្យដឹងថាមនុស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងធំ ទី ២ របស់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងភាពចលាចលកាលពីថ្ងៃច័ន្ទ រួមទាំងក្មេងប្រុសជំទង់ម្នាក់ ត្រូវបានបាញ់សម្លាប់។

ទីភ្នាក់ងារព័ត៌មាន Mizzima បានរាយការណ៍ថាកម្លាំងសន្តិសុខបានធ្វើការវាយឆ្មក់បន្ថែមទៀតនៅផ្នែកខ្លះនៃទីក្រុងរ៉ង់ហ្គូន កាលពីយប់ថ្ងៃច័ន្ទ ដោយការបាញ់ប្រហារ និងមនុស្សមួយចំនួនរងរបួស៕

To Top