បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានអំពាវនាវឱ្យមានការប្រាស្រ័យទាក់ទង និងយុទ្ធសាស្រ្តកាន់តែរឹងមាំ ជាមួយប្រទេសចិន ដើម្បីដោះស្រាយនូវ “ កម្លាំងអរិភាព” នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ីជិនពីង។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA ) បានផ្សាយដោយមិនលើកឡើងអំពីវេលានៃសារនោះថា លោកគីមបានផ្ញើសារថា “ដើម្បីជូនដំណឹងអំពីសារៈសំខាន់នៃសមាជលើកទី ៨ នៃ WPK ដែលត្រូវបានទាមទារ តាមពេលវេលាដែលអំពាវនាវ ឱ្យមានការពង្រឹងទំនាក់ទំនង យុទ្ធសាស្ត្រ រវាងគណបក្សទាំងពីរ ដោយឈរលើមូលដ្ឋាន នៃសមមិត្តភាព” ។
KCNA បានបន្ថែមទៀតថា “ដោយបានសង្កត់ធ្ងន់ លើភាពចាំបាច់ដើម្បីពង្រឹងឯកភាព និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនិងប្រទេសទាំងពីរ ដើម្បីទប់ទល់នឹងរាល់ឧបសគ្គ និងចលនារារាំង របស់កងកម្លាំងអរិភាព” ។
លោកគីមបានពណ៌នាលម្អិត ពីវិធានការដែលកូរ៉េខាងជើង បានធ្វើក្នុងសមាជបក្ស កាលពីខែមករា រួមទាំង“ គោលនយោបាយឈរលើការ ជំរុញសមត្ថភាពការពារជាតិរបស់ប្រទេស ទំនាក់ទំនងអន្តរកូរ៉េ និង ទំនាក់ទំនងរវាងកូរ៉េខាងជើង – សហរដ្ឋអាមេរិក។
KCNA បានផ្សាយទៀតថា លោកគីមក៏បានបង្ហាញនូវជំនឿថា កិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងជើងនិងចិន នឹងកាន់តែរឹងមាំ “តាមតម្រូវការតាមពេលវេលា និងស្របតាមបំណង ប្រាថ្នាបំណងប្រាថ្នា និងផលប្រយោជន៍ស្នូល” នៃប្រទេសទាំងពីរ។
បើតាម KCNA គឺលោកស៊ីក៏បានគូសបញ្ជាក់ផងដែរថា ចំណងមិត្តភាពចិន – កូរ៉េខាងជើងជាទ្រព្យសម្បត្តិដ៏មានតម្លៃ សម្រាប់ប្រទេសទាំងពីរ ហើយបានប្តេជ្ញាធ្វើឱ្យមានការរួមចំណែកវិជ្ជមាន ដល់សន្តិភាពនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ នៅក្នុងសារលិខិត របស់លោកទៅកាន់មេដឹកនាំគីម៕
ប្រែសម្រួលៈ ណៃ តុលា