ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី ថ្កោលទោស លោកខាងលិច ពីបទជ្រៀតជ្រែក ក្រោយរងទណ្ឌកម្ម

បរទេស ៖ ប្រទេសចិន និងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ចំពោះទង្វើថ្មីៗ នេះធ្វើឡើងដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលដាក់ពិន័យលើការ រំលោភបំពាន សិទ្ធិមនុស្ស នៅក្នុងប្រទេសទាំងពីរ និងបានអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ធ្វើការពិភាក្សាគ្នា ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានមានប្រសាសន៍ នៅពេលថ្មីៗនេះ ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា កិច្ចការក្នុងស្រុក របស់ប៉េកាំងនិងមូស្គូ មិនគួរជាក្តីព្រួយបារម្ភ របស់អ្នកក្រៅនោះទេ ។

តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍រួមគ្នានោះ បាននិយាយយ៉ាងដូច្នេះថា “ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាព ក្រោមលេសជំរុញអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនោះ គឺជារឿងមិនអាចទទួលយកបាននោះទេ” ។

គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នោះរបស់ប្រទេសទាំងពីរនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង់គ្លេសនិងកាណាដា បានដាក់ទណ្ឌកម្មលើមន្ត្រីចិន ជុំវិញការរំលោភបំពាន សិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង៕ ប្រែសម្រួល៖ប៉ាង កុង

To Top