រ៉ង់ហ្គូន៖ ទូរទស្សន៍រដ្ឋរបស់ភូមា បានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សជាង ៦០០ នាក់ដែលត្រូវបានឃុំខ្លួន ដោយកម្លាំងសន្តិសុខ រួមទាំងការចូលរួម ក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារ ត្រូវបានដោះលែងហើយ នៅក្នុងសញ្ញាដំបូង នៃការបន្ទន់ជំហររបស់យោធា ចំពោះការតវ៉ា ដែលខ្លួនបានព្យាយាមបញ្ឈប់ ដោយប្រើកម្លាំងស្លាប់ បង្ក្រាបយ៉ាងឃោរឃៅ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ចំពោះការដោះលែងអ្នកជាប់ឃុំនេះដែរ គេនៅមិនទាន់ដឹងច្បាស់នោះ ថាតើមូលហេតុអ្វីដែលមនុស្ស ៦២៨ នាក់ត្រូវបានដោះលែង ដោយរបបយោធា។
យោងតាមក្រុមសិទិ្ធមនុស្ស ដែលឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឲ្យដឹងថា មនុស្ស ២,៤១៨ នាក់ត្រូវបានឃុំខ្លួន គិតត្រឹមថ្ងៃអង្គារកន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកដែលទើបត្រូវបានដោះលែង បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃទី០៣ ខែមីនា ហើយភាគច្រើនជានិស្សិត។
គេសង្កេតឃើញថា ការធ្វើបាតុកម្មនៅថ្ងៃនោះ ឃើញមានមនុស្សជាច្រើន ត្រូវបានសម្លាប់នៅទូទាំងប្រទេស នៅពេលដែលកម្លាំងសន្តិសុខ បានបាញ់រះទៅលើក្រុមអ្នកតវ៉ា។
នៅថ្ងៃពុធប្រជាពលរដ្ឋជាច្រើន បានធ្វើកូដកម្មដោយស្ងាត់ស្ងៀម ដោយស្នាក់នៅផ្ទះជាជាងទៅធ្វើការ ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះការគ្រប់គ្រងដោយយោធា។ ចរាចរណ៍ គឺស្រាលជាងមុន នៅក្នុងទីក្រុងរ៉ង់ហ្គូន របស់ប្រទេស ដែលសង្កេតឃើញថា មានហាងលក់គ្រឿងទេស និងភោជនីយដ្ឋានយីហោធំៗជាច្រើនត្រូវបិទទ្វារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថាកម្លាំងសន្តិសុខ បានសម្លាប់មនុស្ស ៤ នាក់ក្នុងនោះមានក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ នៅក្នុងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី២ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មនុស្ស សរុបចំនួន ២៧៥ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ។
យោងតាមរបាយការណ៍ ក្នុងស្រុកបានឲ្យដឹងថា ក្មេងស្រីនេះត្រូវបានគេបាញ់ចំពោះ ហើយត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងសន្តិសុខ បានវាយប្រហារផ្ទះរបស់នាង កាលពីរសៀលថ្ងៃអង្គារ ដោយពេលនោះ នាងបានអង្គុយនៅលើភ្លៅរបស់ឪពុកនាង នៅគ្រានោះហើយកងសន្តិសុខ ហាក់ដូចជាតម្រង់ទៅរកឪពុក និងបងប្រុសរបស់នាង ត្រូវបានគេនាំយកទៅឆ្ងាយ បន្ទាប់ពីត្រូវបានវាយ នឹងប្រដាប់ដោយអាវុធយ៉ាងសាហាវ៕ ដោយ៖ ឈូក បូរ៉ា