ព័ត៌មានអន្តរជាតិ

ជប៉ុនតវ៉ាចំពោះការហៅថា “សមុទ្រខាងកើត” ក្រោយកូរ៉េខាងជើងបាញ់តេស្តមីស៊ីល

បរទេស៖ ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការស្នើឲ្យសហរដ្ឋអាមេរិក ធ្វើការផ្លាស់ប្តូរ ចំពោះការហៅដែនទឹក ដែលមិនត្រឹមត្រូវ ក្រោយប្រទេសកូរ៉េខាងជើង បាញ់តេស្តសាកល្បងមីស៊ីល ផ្លោងពីរគ្រាប់ ចូលទៅក្នុងសមុទ្រ។

អនុរដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Manabu Sakai បានមានប្រសាសាន៍ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសន្និសីទកាសែតមួយថា ទីក្រុងតូក្យូ បានស្នើឲ្យទីបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក កំណត់ហៅដែនទឹក ស្ថិតនៅចន្លោះប្រទេសជប៉ុន និងឧបទ្វីបកូរ៉េថា “សមុទ្រជប៉ុន” ក្រោយតំបន់នោះ ត្រូវគេហៅថា “សមុទ្រខាងកើត” នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់អាមេរិក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Manabu Sakai បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាជាគោលជំហររបស់ប្រទេសយើងថា សមុទ្រជប៉ុន គឺជាឈ្មោះ ដែលអន្តរជាតិដាក់ឲ្យតែមួយ”។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ជប៉ុននេះ គឺត្រូវបានធ្វើឡើង ក្រោយលោក Mike Kafka មកពីទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកដឹង ពីការបាញ់មីស៊ីលព្រឹកនេះ របស់កូរ៉េខាងជើង ចូលទៅក្នុងសមុទ្រខាងកើត ជាឈ្មោះដែលកូរ៉េខាងត្បូង ប្រើសំដៅដល់ដែនទឹក នៅក្បែរតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top