រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីកាលពីថ្ងៃព្រហស្បតិ៍ ដែលមានករណីថ្មីនៃជំងឺកូវីដ១៩ បន្ទាប់ពីពលរដ្ឋបានធ្វើតេស្តវិជ្ជមានចំនួន ១០០.១៥៨នាក់ ។
ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ មានអ្នកឆ្លងជំងឺសរុបចំនួន ១២.៣២០.១៦៩នាក់ ចាប់តាំងពីផ្ទុះជំងឺលើកដំបូង ដែលត្រូវបានគេរកឃើញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានពលរដ្ឋចំនួន ២.៧៧៧នាក់ បានស្លាប់បន្ថែមទៀតដោយសារជំងឺ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់ ៣០៣.៤៦២នាក់ ។ ក្រសួងបានបញ្ជាក់ដូច្នេះ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ទាំងអ្នកឆ្លងជំងឺ និងស្លាប់ដោយសារជំងឺ ដែលលើសគេ គឺមានតែសហរដ្ឋអាមេរិកតែមួយគត់ ។
ប្រទេសនេះបានជួបប្រទះ នឹងរលកថ្មីនៃការឆ្លងជំងឺចាប់តាំងពីខែមករា ដែលមានអ្នកឆ្លងជំងឺកើនឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
