រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា បានធ្វើការប្រមូលផ្តុំគ្នាជាច្រើនទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីយោធាត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់មនុស្ស០៩នាក់នៅមួយថ្ងៃមុននេះ ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការតវ៉ាដោយអុជទៀនបានកើតឡើងនៅទូទាំងប្រទេសពេញមួយយប់ ដោយរាប់បញ្ចូលទាំងនៅតំបន់ម៉ាន់ដាណ និងម៉ានដាន ក៏ដូចជានៅក្នុងរដ្ឋការ៉ែន និងជិន ផងដែរ ។
សារព័ត៌មាន Mizzima បានរាយការណ៍ថា នៅក្នុងទីក្រុងម៉ាន់ដាឡេនរបស់ប្រទេសមីយ៉ាន់ម៉ា ក្រុមអ្នកតវ៉ាបានដើរក្បួននៅព្រឹកថ្ងៃសុក្រនេះ នៅមុខបដា “ចលនាមិនគោរពតាមរដ្ឋ” ។
ប្រទេសមីយ៉ាន់ម៉ា បានផ្ទុះការតវ៉ាស្ទើរតែរាល់ថ្ងៃចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបានបង្កើតរបបយោធា ។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៩១ សម្រាប់យុទ្ធនាការរបស់លោកស្រីដើម្បីនាំការគ្រប់គ្រងស៊ីវិលដល់ប្រទេសមីយ៉ាន់ម៉ា និងសមាជិកដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីកំពុងត្រូវបានឃុំខ្លួន ។
យោងតាមទិន្នន័យពីក្រុមតស៊ូមតិ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋជាង៣០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបជាបន្តបន្ទាប់ ដោយជនរងគ្រោះជិត៩០ភាគរយត្រូវបានបាញ់សម្លាប់ និងមួយភាគបីនៃពួកគេត្រូវបានបាញ់ចំក្បាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា