ព័ត៌មានអន្តរជាតិ

សរុបព្រឹត្តិការណ៍ ព័ត៌មានអន្តរជាតិ ប្រចាំសប្ដាហ៍

ក្រុមសកម្មជនមីយ៉ាន់ម៉ា រៀបចំផែនការបាតុកម្មថ្មី ក្រោយការបង្ហូរឈាម សម្លាប់មនុស្សពីកងកម្លាំង សន្ដិសុខកាលពីចុងសប្ដាហ៍

រ៉ង់ហ្គូន ៖ ក្រុមសកម្មជនមីយ៉ាន់ម៉ា គ្រោងធ្វើបាតុកម្មថ្មីនៅថ្ងៃច័ន្ទនេះ រួមទាំងការអំពាវនាវ ឲ្យក្បួនរថយន្តធ្វើដំណើរ ឆ្លងកាត់ផ្លូវប្រសព្វ ប្រដាប់ដោយឧបករបំពងសំឡេង ដោយលើកដៃប្រឆាំង នឹងរដ្ឋប្រហារចំនួន ៣ ម្រាមដៃទោះបីជាមានសេចក្តី រាយការណ៍ពីកម្លាំងសន្តិសុខ បានសម្លាប់មនុស្សជាច្រើន នៅចុងសប្តាហ៍កន្លងទៅនេះក៏ដោយ ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ពីការតវ៉ានៅពេលព្រឹកព្រលឹមនៅយ៉ាងហោចណាស់ ពីរផ្នែកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងយ៉ាំងហ្គោន នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមនុស្សរាប់រយនាក់ នៅក្នុងទីក្រុងម៉ាន់ដាឡេ រួមទាំងបុគ្គលិកពេទ្យ ជាច្រើននាក់នៅក្នុងអាវធំ បានដើរក្បួនមុនពេល ថ្ងៃរះនៅថ្ងៃអាទិត្យ ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានជាប់គាំងនៅក្នុងវិបត្តិ ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយអ្នកឈ្នះរង្វាន់ណូបែលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ត្រូវបានផ្តួលរំលំដោយយោធា ដែលនាំមកនូវការបញ្ចប់កំណែទម្រង់ ប្រជាធិបតេយ្យបណ្តោះអាសន្នរយៈពេល ១០ឆ្នាំរបស់ប្រទេស ។

បុរសម្នាក់ត្រូវបានបាញ់សម្លាប់ និងជាច្រើននាក់ទៀត រងរបួសនៅពេលដែលប៉ូលីស បានបើកការបាញ់ប្រហារទៅលើក្រុមមួយ ដែលដាក់រនាំងនៅកណ្តាលក្រុង Monywa ។

វិបសាយពត៌មានរបស់ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា ក្រោយមកមនុស្សម្នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងទីក្រុងម៉ាន់ដាឡេ របស់ប្រទេស ដែលជាទីក្រុងធំទី ២ នៅពេលដែលកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារ បន្ទាប់ពីប្រជាជនបានព្យាយាម ទប់ទល់នឹងកិច្ចប្រឹងប្រែង របស់យោធា ដើម្បីបង្កើតមូលដ្ឋាននៅក្នុងសាលារៀនមួយ ៕

ហ្វីលីពីន អះអាងថា ទូកនេសាទចិនជាង ២០០គ្រឿង រំលោភចូលដែនកោះ មានជម្លោះ និងស្ថិតក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់ខ្លួន

ម៉ានីល ៖ រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា ទូកនេសាទចិនប្រហែល ២២០ គ្រឿងបានប្រមូលផ្តុំគ្នានៅជុំវិញ ថ្មប៉ប្រះទឹកមួយកន្លែង នៅកោះ Spratly ដែលជាកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង កាលពីដើមខែមីនា ដោយអះអាងថាពួកគេស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

រដ្ឋាភិបាលហ្វីលីពីន ដាក់ការសង្ស័យថា ទូកទាំងនោះត្រូវបានកេណ្ឌដោយកងជីវពលសមុទ្រចិន។ កោះទាំងនោះត្រូវបានទាមទារដោយប្រទេសចិន និងហ្វីលីពីន ក្នុងចំណោមប្រទេសដទៃទៀត នៅតំបន់សមុទ្រចិនខាងត្បូង។

យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ទូកនេសាទទាំងនោះត្រូវបានគេប្រទះឃើញនៅក្នុងទឹកនៅជុំវិញកោះថ្មប៉ប្រះទឹក ចម្ងាយប្រហែល ១៧៥ ម៉ាយល៍នៃភាគខាងលិចតំបន់ Bataraza នៅលើកោះ Palawan ភាគខាងលិចប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៧ ខែមីនា។

រដ្ឋាភិបាលបានឲ្យដឹងថា ទូកទាំងនេះមិនចូលរួមក្នុងការនេសាទទេ ទោះបីអាកាសធាតុល្អហើយពួកគេបានរក្សាភ្លើងនៅពេលយប់ថែមទៀត។ អាកប្បកិរិយានេះអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងអះអាងអំពីការទាមទារទឹកដី។

រដ្ឋមន្រ្តីការពារជាតិលោក Delfin Lorenzana បានសម្តែងការព្រួយបារម្ភ ចំពោះវត្តមានរបស់ទូកទាំងនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យចិន បញ្ឈប់ការរំលោភចូលដែនអធិបតេយ្យរបស់ហ្វីលីពីន និងដកចេញជាបន្ទាន់ ដែលលោកបានអះអាងថា កំពុងរំលោភលើសិទ្ធិដែនសមុទ្ររបស់ខ្លួន៕

អាមេរិក ធ្វើតេស្ត វ៉ាក់សាំង AstraZeneca ទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្លាំង

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាទីបំផុតការធ្វើតេស្តដែលគ្រប់គ្នាបានទន្ទឹងរងចាំអស់រយៈពេលជាយូរណាស់ មកហើយទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ដោយអាមេរិកនោះ គឺបានទទួលលទ្ធផលល្អខ្លាំងគួរឲ្យពេញចិត្តនិងមានប្រសិទ្ធភាពខ្ពស់។

ប្រភពដដែលបានសរសេរទៀតថាអ្នកស្ម័គ្រចិត្ត សរុបចំនួនជាង៣២ពាន់នាក់ ដែលភាគច្រើនជាពលរដ្ឋជនជាតិអាមេរិកហើយផ្សេងពីនោះគឺប៉េរូនិងឈីលីនោះ បានរកឃើញថាវ៉ាក់សាំងនេះទាំងពីរដូសគឺមានប្រសិទ្ធភាព រហូតទៅដល់ ៧៩ភាគរយក្នុងការបញ្ចប់រោគសញ្ញាកូវីដនិង១០០ភាគរយ ក្នុងការរារាំងមនុស្សចេញពី ការធ្លាក់ខ្លួនឈឺខ្លាំង ដោយសារតែកូវីដហើយគ្មាន ករណីដែលធ្វើឲ្យមានកំណកឈាម ដូចករណីដែលមានបញ្ហានៅក្នុង តំបន់អ៊ឺរ៉ុបកន្លងមកដែរ។

នេះមានន័យថាប្លុកអ៊ឺរ៉ុបនិងបណ្តាប្រទេស ផ្សេងទៀត ដែលបានបញ្ចប់ ទៅឬការផ្អាកការប្រើប្រាស់វ៉ាក់សាំង AstraZeneca នោះនឹងអាចធ្វើការវាស់វែង និងត្រួតពិនិត្យឡើងវិញអំពីបញ្ហានេះនិងនាំឲ្យទៅដល់មាន ការសម្រេចចិត្តឡើង វិញផងដែរ។

ទោះបីជាយ៉ាងណាក្តីនៅអង់គ្លេសវិញវ៉ាក់សាំង AstraZeneca នេះត្រូវបានប្រើប្រាស់ យ់ាងទូលំទូលាយដោយពលរដ្ឋរបស់ខ្លួនរបស់ ដល់ទៅរាប់រយពាន់នាក់ មកហើយដែលបានទទួលយកការចាក់វ៉ាក់សាំងនេះ ជារៀងរាល់ថ្ងៃរហូតមក៕

ថៃ៖ ជនអន្តោប្រវេសន៍ ២៩៧ នាក់ រួមមានជនជាតិមីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ដែលត្រូវឃុំខ្លួន គឺឆ្លងវីរុសកូវីដ១៩

បរទេស ​៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង ស្ថានភាពជំងឺកូវីដ១៩ (CCSA) កាលពីថ្ងៃច័ន្ទ បានរាយការណ៍ថា ជនអន្តោប្រវេសន៍បរទេសជិត ៣០០ នាក់នៅឯមជ្ឈមណ្ឌលឃុំឃាំងរបស់ការិយាល័យអន្តោប្រវេសន៍នៅ Suan Phlu និង Bang Bang បានឆ្លងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ជំនួយការអ្នកនាំពាក្យរបស់ CCSA គឺលោក Apisamai Srirangson បាននិយាយថា ជនអន្តោប្រវេសន៍បរទេសចំនួន ៩៨ នាក់ក្នុងចំណោម ១ ៨៨៨ នាក់នៅឯមជ្ឈមណ្ឌលឃុំឃាំង បានធ្វើតេស្តវិជ្ជមាន ចាប់ពីថ្ងៃទី ១១ ខែមីនា ដល់ថ្ងៃសៅរ៍ ។ មានករណីឆ្លងចំនួន ២៩៧ បន្ថែមទៀត ដែលភាគច្រើន បានចូលទៅក្នុងប្រទេស ដោយខុសច្បាប់ ត្រូវបានគេរាយការណ៍កាលពីថ្ងៃសៅរ៍។

វេជ្ជបណ្ឌិតបាននិយាយថា ជនជាតិមីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា គឺស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺទាំងនោះ៕

Bangkok Post ៖ យោធាមីយ៉ាន់ម៉ាថា ខ្លួនមានការសោកស្តាយ ចំពោះមនុស្ស ដែលត្រូវបានសម្លាប់ ប៉ុន្តែប្តេជ្ញាថា នឹងបន្តការ បង្ក្រាបថែមទៀត

បរទេស ៖ យោធាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនមានការសោកស្តាយ ចំពោះមនុស្ស ដែលត្រូវបានសម្លាប់នៅក្នុងការ បង្ក្រាបដ៏ឃោរឃៅ លើការធ្វើបាតុកម្មប្រឆាំង រដ្ឋប្រហារ ប៉ុន្តែបានប្តេជ្ញាថា នឹងបន្តទៅមុខទៀតជាមួយនឹង ការលុបបំបាត់នូវអ្វី ដែលគេហៅថា «អនាធិបតេយ្យ»។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របបយោធាបានបញ្ចេញ នូវអំពើហឹង្សាដែលបណ្តាលឱ្យមានមនុស្សស្លាប់ នៅពេលដែលខ្លួនកំពុងតស៊ូ ដើម្បីបង្ក្រាបបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងការបណ្តេញមេដឹកនាំ ស៊ីវិលលោកស្រីអ៊ុងសានស៊ូជី កាលពីថ្ងៃទី ១ ខែកុម្ភៈ ដោយទាញការថ្កោលទោសនិងទណ្ឌកម្មអន្តរជាតិ។

មនុស្សជាង ២៦០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការតវ៉ានៅទូទាំងប្រទេសបានផ្ទុះឡើង ប្រឆាំងនឹងរដ្ឋប្រហារ។ នេះបើយោង តាមក្រុមឃ្លាំមើលក្នុងតំបន់។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីណៃពិដោ អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ Zaw Min Tun បានបញ្ជាក់ថា ចំនួនអ្នកស្លាប់មានដល់ ១៦៤ នាក់។ លោកថា «ខ្ញុំសោកស្តាយណាស់ ព្រោះក្រុមភេរវករឃោរឃៅទាំងនេះ ដែលបានស្លាប់ គឺជាជនជាតិរបស់យើង»៕

ចិន ប្រកាសលូកដៃ ក្នុងដំណើរការសន្ដិភាព នៅឧបទ្វីបកូរ៉េ

ប៉េកាំង ៖ លោកស៊ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការកណ្តាលបក្ស កុម្មុយនីស្តចិន បានលើកឡើងថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយ កូរ៉េខាងជើង និងគណបក្ស ពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ដំណោះស្រាយ នយោបាយ នៃបញ្ហាឧបទ្វីបកូរ៉េ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីប ដើម្បីចូលរួមវិភាគទានថ្មី ដល់សន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

លោកស៊ី បានធ្វើការកត់សម្គាល់នេះ នៅក្នុងការផ្លាស់ប្តូរសារ ដោយផ្ទាល់មាត់ជាមួយលោកគីម ជុងអ៊ុន អគ្គលេខាធិការ គណបក្សពលករកូរ៉េ (WPK) នៃប្រទេសកូរ៉េខាងជើង។ សារទាំងនេះត្រូវបានថ្លែងដោយ លោក Song Tao រដ្ឋមន្រ្តីនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិម បក្ស CPC និងលោក Ri Ryong Nam ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសចិន ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃច័ន្ទ នៅទីក្រុងប៉េកាំង ។

លោក Ri បានបញ្ចោញសារសម្ដីពី លោកគីម ជុងអ៊ុន ទៅកាន់លោកស៊ី បានផ្តល់នូវការសង្ខេបយ៉ាងទូលំទូលាយ ស្តីពីសមាជ WPK លើកទី ៨ និងបាននិយាយពីការពិតដែលថា ក្រោមការដឹកនាំរបស់ លោកស៊ី CPC និងប្រជាជនចិន បានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងវិបត្តិសុខភាព សាធារណៈសកលលោក សមិទ្ធិផលគួរឲ្យកត់សំគាល់ ក្នុងការបញ្ចប់ការកសាងសង្គម ប្រកបដោយភាពជឿនលឿន ក្នុងគ្រប់វិស័យ និងនៅក្នុងការតស៊ូ ដើម្បីលុបបំបាត់ភាពក្រីក្រ ពេញលេញ។

លោកគីម បានឲ្យដឹងនៅក្នុងសារថា វាជាជំហរ ដែលមិនចុះខ្សោយ របស់លោក គឺ WPK និងប្រជាជនកូរ៉េខាងជើង ក្នុងការពង្រឹង និងអភិវឌ្ឍ ទំនាក់ទំនងកូរ៉េខាងជើង – ចិន ឲ្យពិភពលោកស្ញប់ស្ងែង និងជំរុញបុព្វហេតុសង្គមនិយម ដោយមិត្តភាព និងសាមគ្គីភាព បន្ថែមថា កូរ៉េខាងជើង ជឿជាក់យ៉ាង មុតមាំថា ទំនាក់ទំនងមិត្តភាព កូរ៉េខាងជើង – ចិន នឹងត្រូវបានលើកស្ទួយ និងអភិវឌ្ឍស្របតាម តម្រូវការ នៃពេលវេលា ក៏ដូចជាសេចក្តីប្រាថ្នា បំណងប្រាថ្នា និងផលប្រយោជន៍ ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ។

លោកបានបញ្ជូនសារផ្ទាល់ មាត់របស់លោកស៊ី ទៅកាន់លោក គីម ជុងអ៊ុន ផងដែរដែលក្នុងនោះលោកស៊ី បានអបអរសាទរម្តងទៀត ចំពោះការទទួលជោគជ័យ នៃសមាជលើកទី ៨ នៃ WPK ។ លោកស៊ី ជីនពីង បានលើកឡើងថា មិត្តភាពជាប្រពៃណី រវាងចិន និងកូរ៉េខាងជើង គឺជាកំណប់ទ្រព្យដ៏មានតម្លៃ ដែលបានចែករំលែក ដោយគណបក្សទាំងពីរ ប្រទេស និងប្រជាជនទាំងពីរ ៕

យក្សធំទាំងពីរ ប្ដេជ្ញាបង្កើន កិច្ចសហប្រតិបត្ដិការ ប្រឆាំងនឹងការ ប្រកួតប្រជែងពីអាមេរិក

ប៉េកាំង ៖ ប្រទេសចិន និងរុស្ស៊ី ដែលអាចនិយាយបានថា ជាប្រទេសយក្សធំពីរ បានបញ្ជាក់ថាពួកគេនឹងជំរុញ កិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំង នឹងការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដើម្បីកសាងក្រុមមួយ ដែលមានគោល ដៅទប់ទល់នឹងកម្លាំង យោធា និង ការរំលោភសិទ្ធិមនុស្ស។

រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី និងសមភាគីរុស្ស៊ីលោក Sergey Lavrov ក៏បានជំរុញរដ្ឋបាល របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន មិនឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រជាជាតិរបស់ពួកគេ ក្នុងអំឡុងពេល នៃការប្រជុំពីរថ្ងៃ នៅទីក្រុង Guilin ភាគខាងត្បូងប្រទេសចិន។

កិច្ចព្រមព្រៀង របស់ប្រទេសទាំងពីរ បានកើតឡើងបន្ទាប់ពីអ្វី ដែលគេហៅថា Quad ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី បានបើកកិច្ចប្រជុំកំពូល លើកដំបូង របស់ពួកគេតាមអ៊ិនធឺណិត នៅថ្ងៃទី១២ ខែមីនា ។

លោកវ៉ាង យី និងលោកឡាវរ៉ូវ បានបង្ហាញពីឆន្ទៈ ក្នុងការជំរុញទំនាក់ទំនង ក្នុងចំណោមបណ្តាប្រទេស ដែលមានលក្ខណៈ ជាប្រពៃណីនៃប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង ក្នុងគោលបំណង ដើម្បីទប់ទល់នឹងសម្ពាធនយោបាយ ពីរដ្ឋបាលលោក បៃដិន ដែលបានចាប់ផ្តើម កាលពីខែមករា ។

នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចប្រជុំ របស់លោកជាមួយ Lavrov លោកវ៉ាង យី បានរិះគន់ការដាក់ទណ្ឌកម្ម ដោយសហភាពអឺរ៉ុប អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ប្រឆាំង នឹងប្រទេសចិន ជុំវិញការរំលោភសិទ្ធិមនុស្ស នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិច របស់ប្រទេស ។

លោកវ៉ាង យី បានបន្ថែមថា ប្រទេសចិន និង រុស្ស៊ីប្រឆាំងនឹងទណ្ឌកម្ម “ឯកតោភាគី” គ្រប់រូបភាពវិធានការបែបនេះ នឹងមិនត្រូវបានទទួល យកដោយសហគមន៍ អន្តរជាតិឡើយ ។ ការបញ្ចូល ទឹកដីគ្រីមៀ របស់អ៊ុយក្រែន ក្នុងឆ្នាំ២០១៤ ក៏ជាលទ្ធផល នៃការដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេស លោកខាងលិចដែរ ៕

ឥណ្ឌា ផ្អាកបណ្តោះអាសន្ន ការនាំចេញវ៉ាក់សាំង AstraZeneca ក្រោយពីរំពឹងថា នឹងមានករណីឆ្លងក្នុងស្រុកកើនឡើង

ប្រភពពីក្រសួងការបរទេសបានប្រាប់ BBC ថា ប្រទេសឥណ្ឌាបានដាក់បំរាម ជាបណ្តោះអាសន្នទៅលើ រាល់ការនាំចេញវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ។ ពួកគេបាននិយាយថា ករណីដែលកើនឡើងនៃការឆ្លងវីរុសមានន័យថា ជាតម្រូវការចាំបាច់ក្នុងស្រុក ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយដូច្នេះដូស គឺចាំបាច់សម្រាប់ប្រទេសឥណ្ឌាផ្ទាល់។

បើតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ការហាមប្រាមការនាំចេញនេះ ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការផ្គត់ផ្គង់រហូតដល់ចុងខែមេសា ជាងនេះទៅទៀត ប្រទេសចំនួន ១៩០ ដែលស្ថិតក្រោមយន្តការ Covax ទំនងជារងផលប៉ះពាល់ផងដែរ។0

គ្រោងការណ៍ដែលដឹកនាំ ដោយអង្គការសុខភាពពិភពលោក មានគោលបំណងធានាថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានចែកចាយដោយស្មើភាពគ្នា ក្នុងចំណោមប្រជាជាតិទាំងអស់។ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេ របស់ឥណ្ឌាគឺវិទ្យាស្ថានសេរ៉ូម បានពន្យាពេលការដឹកជញ្ចូនថ្នាំ AstraZeneca ទៅប្រទេសជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងចក្រភពអង់គ្លេស និងប្រេស៊ីល។

សូមជម្រាបថា រហូតមកដល់ពេលនេះប្រទេសឥណ្ឌា បាននាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានជាង ៦០ លានដូស ទៅកាន់ ៧៦ ប្រទេសហើយភាគច្រើននៃថ្នាំទាំងនេះគឺជាថ្នាំ AstraZeneca ៕

ហ្វីលីពីននិងវៀតណាម សង្កត់ធ្ងន់លើចិន ជុំវិញវត្តមាននាវា នៅសមុទ្រចិនខាងត្បូង

បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបង្ហាញនូវក្តីព្រួយបារម្ភ ដល់ឯកអគ្គរដ្ឋទូតចិន ស្តីពីវត្តមានប្រមូលផ្តុំនាវាចិន នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលវៀតណាម ជំរុញទីក្រុងប៉េកាំង ឲ្យគោរពអធិបតេយ្យភាព ដែនសមុទ្ររបស់ខ្លួន។

លោក Harry Roque ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីហ្វីលីពីន បាននិយាយប្រាប់ សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី បានមានប្រសាសន៍ថា យើងពិតជាមានក្តីព្រួយបារម្ភ ហើយប្រទេសណា ក៏នឹងមានក្តីព្រួយបារម្ភ ចំពោះចំនួននាវានោះដែរ”។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Nasdaq បានឲ្យដឹងថា នាវានេសាទចិន បានចតនៅតំបន់ថ្មប៉ប្រះទឹក Whitsun ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ២០០ម៉ាយ របស់ទីក្រុងម៉ានីល។

ចំណែកមន្ត្រីនំាពាក្យការបរទេសវៀតណាម លោកស្រី Le Thi Thu Hang នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា នាវាចិននៅតំបន់ថ្មប៉ប្រះទឹក ដែលទីក្រុងហាណូយហៅថា Da Ba Dau នោះ គឺជាការរំលោភបំពាន លើអធិបតេយ្យភាពវៀតណាម៕ ប្រែសម្រួល៖ប៉ាង កុង

របបយោធាមីយ៉ាន់ម៉ា បង្ហាញឥរិយាបថទន់ភ្លន់ ដោយដោះលែងអ្នកជាប់ឃុំជាង ៦០០នាក់

រ៉ង់ហ្គូន៖ ទូរទស្សន៍រដ្ឋរបស់ភូមា បានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សជាង ៦០០ នាក់ដែលត្រូវបានឃុំខ្លួន ដោយកម្លាំងសន្តិសុខ រួមទាំងការចូលរួម ក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារ ត្រូវបានដោះលែងហើយ នៅក្នុងសញ្ញាដំបូង នៃការបន្ទន់ជំហររបស់យោធា ចំពោះការតវ៉ា ដែលខ្លួនបានព្យាយាមបញ្ឈប់ ដោយប្រើកម្លាំងស្លាប់ បង្ក្រាបយ៉ាងឃោរឃៅ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា ចំពោះការដោះលែងអ្នកជាប់ឃុំនេះដែរ គេនៅមិនទាន់ដឹងច្បាស់នោះ ថាតើមូលហេតុអ្វីដែលមនុស្ស ៦២៨ នាក់ត្រូវបានដោះលែង ដោយរបបយោធា។

យោងតាមក្រុមសិទិ្ធមនុស្ស ដែលឃ្លាំមើលស្ថានការណ៍ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានឲ្យដឹងថា មនុស្ស ២,៤១៨ នាក់ត្រូវបានឃុំខ្លួន គិតត្រឹមថ្ងៃអង្គារកន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកដែលទើបត្រូវបានដោះលែង បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃទី០៣ ខែមីនា ហើយភាគច្រើនជានិស្សិត។

គេសង្កេតឃើញថា ការធ្វើបាតុកម្មនៅថ្ងៃនោះ ឃើញមានមនុស្សជាច្រើន ត្រូវបានសម្លាប់នៅទូទាំងប្រទេស នៅពេលដែលកម្លាំងសន្តិសុខ បានបាញ់រះទៅលើក្រុមអ្នកតវ៉ា។

នៅថ្ងៃពុធប្រជាពលរដ្ឋជាច្រើន បានធ្វើកូដកម្មដោយស្ងាត់ស្ងៀម ដោយស្នាក់នៅផ្ទះជាជាងទៅធ្វើការ ដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេ ចំពោះការគ្រប់គ្រងដោយយោធា។ ចរាចរណ៍ គឺស្រាលជាងមុន នៅក្នុងទីក្រុងរ៉ង់ហ្គូន របស់ប្រទេស ដែលសង្កេតឃើញថា មានហាងលក់គ្រឿងទេស និងភោជនីយដ្ឋានយីហោធំៗជាច្រើនត្រូវបិទទ្វារ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថាកម្លាំងសន្តិសុខ បានសម្លាប់មនុស្ស ៤ នាក់ក្នុងនោះមានក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ នៅក្នុងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី២ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មនុស្ស សរុបចំនួន ២៧៥ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ។

យោងតាមរបាយការណ៍ ក្នុងស្រុកបានឲ្យដឹងថា ក្មេងស្រីនេះត្រូវបានគេបាញ់ចំពោះ ហើយត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំងសន្តិសុខ បានវាយប្រហារផ្ទះរបស់នាង កាលពីរសៀលថ្ងៃអង្គារ ដោយពេលនោះ នាងបានអង្គុយនៅលើភ្លៅរបស់ឪពុកនាង នៅគ្រានោះហើយកងសន្តិសុខ ហាក់ដូចជាតម្រង់ទៅរកឪពុក និងបងប្រុសរបស់នាង ត្រូវបានគេនាំយកទៅឆ្ងាយ បន្ទាប់ពីត្រូវបានវាយ នឹងប្រដាប់ដោយអាវុធយ៉ាងសាហាវ៕ ដោយ៖ ឈូក បូរ៉ា

To Top