បរទេស៖ អាជ្ញាធរថៃ នៅថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នាអនុញ្ញាត ដែលបានចាក់វ៉ាក់សាំង ការពារមេរោគកូរ៉ូណា ហើយ ឲ្យធ្វើដំណើរកំសាន្ត ទៅកាន់កោះលំហែ ដ៏ធំបំផុតរបស់ខ្លួន ដោយមិនចាំបាច់ ធ្វើចត្តាឡីស័ក និងបានប្រកាស ការបញ្ជាទិញថ្មី នូវថ្នាំវ៉ាក់សាំង AstraZeneca ៥លានដូសបន្ថែមទៀត ។
ដោយចំនួនអ្នកទេសចរ ធ្លាក់ចុះជាខ្លាំង ក្នុងឆ្នាំកន្លងទៅ ប្រទេសថៃដែលពឹងផ្អែកលើ វិស័យទេសចរណ៍ កំពុងតែប្រឹងប្រែង ដើម្បីទទួលបានថ្នាំវ៉ាក់សាំង សម្រាប់ប្រជាជនខ្លួន និងបើកប្រទេសឡើងវិញ សម្រាប់ភ្ញៀវទេសចរ ក្នុងគម្រោងសាកល្បង សម្រាប់លិខិតឆ្លងដែន វ៉ាក់សាំង។

មន្ត្រីសុខាភិបាលជាន់ខ្ពស់ លោក Kiattiphum Wongraijit បានមានប្រសាសន៍យ៉ាងដុច្នេះថា “ប្រសិនបើយើងអាចចាក់ថ្នាំវ៉ាក់សាំង ឲ្យប្រជាជនបាន ចំនួន៥០ទៅ៦០ភាគរយនោះ យើងអាចបើកប្រទេស ដោយសុវត្ថិភាព និងជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ឲ្យដើមទៅមុខ”។
គួរបញ្ជាក់ថា ការជំរុញសន្ទុះចាក់ថ្នាំវ៉ាក់សាំង ដ៏ចម្បងរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងខែមិថុនា ដោយមានគោលដៅផ្តល់ថ្នាំវ៉ាក់សាំង ឲ្យដល់ពាក់កណ្ដាលនៃប្រជាជនខ្លួន នៅត្រឹមចុងឆ្នាំនេះ៕
ប្រែសម្រួល៖ប៉ាង កុង
