Covid-19

អ៊ីរ៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសកើនឡើងលើសពី ១,៨លាននាក់

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នំា២០២១ថា ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៧.៩៨០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទំាងប្រទេស បានកើនឡើងដល់១.៨២៨.៨០៣នាក់ ។

លោកស្រី Sima Sadat Lari អ្នកនាំពាក្យស្ត្រីមកពីក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងនៅក្នុងសារព័ត៌មាន ប្រចំាថ្ងៃរបស់គាត់ថា ជំងឺឆ្លងរាតត្បាត ត្រូវបានគេប្រកាសថា មានអ្នកស្លាប់ចំនួន ៦២.២២៣នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយកើនឡើង ៨១នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

លោកស្រី Lari បានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីៗ មាន៩៦៥នាក់ ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ។

លោកស្រីបានកត់សម្គាល់ថា សរុបពលរដ្ឋចំនួន ១.៥៧៧.៤០៨នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ ចំនួន៣.៩០៨នាក់ នៅតែសម្រាកព្យាបាល នៅតាមអង្គភាពថែទាំជំងឺ ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចំនួន១២.៤៨១.៩១៧នាក់ បានធ្វើតេស្តរកមើលវីរុស ដែលបានអនុវត្តន៍នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top