បរទេស៖ លោកឧត្តមសេនីយ៍ Michael Groen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និបាតឧស្សាហកម្មមួយ នៅក្នុងសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ឧបករណ៍វៃឆ្លាត បើមិនដូច្នោះទេនឹងដើរក្រោយពួកបច្ចាមិត្ត។

លោក Michael Groen ដែលជាប្រធានមជ្ឈមណ្ឌល ឧបករណ៍វៃឆ្លាតចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់សន្និបាត សមាគមឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទិន្នន័យត្រូវតែមានលក្ខណៈស្តង់ដារ សេវាកម្មត្រូវតែបានប្រើប្រាស់ ហើយឧបករណ៍វៃឆ្លាត ត្រូវតែដាក់បញ្ចូលក្នុងប្រតិបត្តិការយោធា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ បន្ថែមទៀតយ៉ាងដូច្នេះថា ស្របពេលដែលការប្រើប្រាស់ ឧបករណ៍វៃឆ្លាតរបស់យោធាបច្ចុប្បន្ន គឺជាការបោះជំហានមួយ ក្នុងទិសដៅដ៏ត្រឹមត្រូវនោះ យើងចាំបាច់ត្រូវតែចាប់ផ្តើមពង្រឹងលើវា។

លោក Michael Groen បានធ្វើការកត់សម្គាល់ថា ប្រទេសចិនបាននិយាយក្នុងពេលថ្មីៗនេះថា ខ្លួនមានបំណងកសាងភាព លេចធ្លោរលើឧបករណ៍វៃឆ្លាត នៅត្រឹមឆ្នាំ២០៣០ ស្របពេលដែលមន្ទីរបញ្ចកោណ បានផ្តោតលើគោលដៅ នៃកម្មវិធីមានរយៈពេល ៥ឆ្នាំ ៕
ប្រែសម្រួល៖ ប៉ាង កុង
