ព័ត៌មានអន្តរជាតិ

ជប៉ុន និងឥណ្ឌូនេស៊ី រួមគ្នាប្រឆាំង​ នឹងការបង្កើនភាព តានតឹងលើដែនទឹក ក្នុងតំបន់របស់ចិន

តូក្យូ ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន និងឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បានព្រមព្រៀងគ្នា ផ្ញើសារទៅកាន់ពិភពលោក ទាំងមូលថា ប្រទេសទាំងពីរ នឹងប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពណាមួយរបស់ចិន ដែលអាចបង្កើនភាពតានតឹង នៅក្នុងដែនទឹកក្នុងតំបន់ ។

រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរ បន្ទាប់ពីជួបពិភាក្សា ជាមួយសមភាគីឥណ្ឌូនេស៊ី របស់លោក គឺលោក Prabowo Subianto នៅទីក្រុងតូក្យូថា ពួកគេនឹងជំរុញឱ្យចិន បញ្ឈប់ការព្យាយាមផ្លាស់ប្តូរស្ថានភាព ជាឯកតោភាគីនៅសមុទ្រចិន ខាងត្បូង និងខាងកើត ។

នៅពេលសម្តែងការព្រួយបារម្ភ ចំពោះសេចក្តីណែនាំច្បាប់របស់ចិន ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រ របស់ខ្លួន បាញ់លើនាវាបរទេស ដែលបានជ្រៀតចូលក្នុងដែនទឹក របស់ខ្លួន ក្នុងនោះដែរលោក Nobuo Kishi បានលើកឡើងថា ពួកគេបានឯកភាពជំរុញ កិច្ចសហប្រតិបត្តិការការពារជាតិ និងធ្វើសមយុទ្ធរួមគ្នារវាងកងកម្លាំងជប៉ុន និងឥណ្ឌូនេស៊ី នៅក្នុងសមុទ្រចិនខាងត្បូង ។

ដោយឡែកស្តីពីស្ថានភាពមីយ៉ាន់ម៉ា លោក Nobuo Kishi បានលើកឡើង ថា ភាគីទាំងពីរបានយល់ព្រមធ្វើការយ៉ាង ជិតស្និទ្ធឆ្ពោះទៅរកការស្តារឡើងវិញ នូវរដ្ឋាភិបាលប្រជាធិបតេយ្យមួយ នៅក្នុងប្រទេសអាស៊ីមួយនេះ។

រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី គ្រោងនឹងធ្វើកិច្ចចរចាជាមួយគ្នា នៅថ្ងៃអង្គារខាងមុខនេះ នៅទីក្រុងតូក្យូ។ កិច្ចពិភាក្សាដែលគេហៅថា ពីរបូកពីរ នឹងជាការជជែកលើកទី២ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥រវាងភាគីទាំងពីរ ៕ដោយ ឈូក បូរ៉ា

To Top