ព័ត៌មានអន្តរជាតិ

សារព័ត៌មានអង់គ្លេស៖ កងកម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បើកការបាញ់ប្រហារ ទៅលើអ្នកចូល រួមពិធីបុណ្យសព របស់អ្នកស្លាប់ម្នាក់

បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើអ្នកកាន់ទុក្ខ ដែលបានប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យសព របស់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស ១១៤ នាក់ដែលត្រូវបានសម្លាប់នៅថ្ងៃមុន ដែលជាថ្ងៃ នៃការតវ៉ាដ៏បង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធា នៅថ្ងៃទី ១ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន The Guardian របស់អង់គ្លេស បានផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយយោងតាមមនុស្ស ៣ នាក់ដែលបាននិយាយ ប្រាប់ទីភ្នាក់ងាររ៉យទ័រថា មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួស នៅក្នុងពិធីបុណ្យសពនៅទីប្រជុំជន បាហ្គោ ជិតរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន នៅឡើយទេ។

ស្ត្រីម្នាក់បាននិយាយថា ក្នុងពេលកំពុងធ្វើបុណ្យជូនស្រ្តីម្នាក់ឈ្មោះ Aye ជាសិស្ស អាយុ២០ឆ្នាំ ដែលត្រូវគេសម្លាប់កាលពីថ្ងៃនោះ, «ខណៈដែលយើងកំពុងច្រៀងចម្រៀង បដិវត្តសម្រាប់គាត់, កងកំលាំងសន្តិសុខ បានមកដល់ហើយបាញ់មកលើយើងតែម្តង»។

សូមជម្រាបថា យ៉ាងហោចណាស់មានកុមារ ចំនួន ៦ នាក់ដែលមានអាយុចន្លោះពី ១០ ទៅ ១៦ ឆ្នាំស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍។ ការបង្ហូរឈាមចុងក្រោយ បានទាក់ទាញ ការថ្កោលទោស របស់លោកខាងលិចជាថ្មី ។ អ្នករាយការណ៍ ពិសេសអង្គការសហប្រជាជាតិ សម្រាប់មីយ៉ាន់ម៉ា បាននិយាយថា កងទ័ពកំពុងអនុវត្ត“ ការសម្លាប់រង្គាល” និងបានអំពាវនាវដល់ពិភពលោកឱ្យផ្តាច់ខ្លួនពីរបបយោធា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top