ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ថ្កោលទោស​ ការបង្ក្រាប របស់មីយ៉ាន់ម៉ាថា ជារឿងគួរឲ្យស្អប់ខ្ពើមបំផុត ខណៈរបបយោធា សប្បាយនឹងការ សម្លាប់រង្គាល

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្កោលទោស ការបង្ហូរឈាមប្រឆាំង នឹងក្រុមបាតុករប្រឆាំងរដ្ឋ ប្រហារ នៅក្នុងប្រទេស មីយ៉ាន់ម៉ាថា ជារឿងគួរឱ្យស្អប់ខ្ពើមបំផុត បន្ទាប់ពីកងកម្លាំង សន្តិសុខ បានសម្លាប់មនុស្សជាង ១០០ នាក់ រួមទាំងកូនក្មេងយ៉ាងតិច ៧ នាក់កាលពីថ្ងៃសោរិ៍ ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធា បានបណ្តេញចេញ និងឃុំខ្លួនមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំ ទាមទារអោយមានការវិលត្រឡប់ ទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។

កាលពីថ្ងៃសៅរ៍មនុស្សយ៉ាងតិច ១០៧ នាក់ ត្រូវបានសម្លាប់នៅទូទាំង ប្រទេស មីយ៉ាន់ម៉ា នៅពេលដែលកម្លាំង សន្តិសុខ បានបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ា គ្រប់ទីកន្លែង ដែលជាការសម្លាប់រង្គាលបំផុតមួយ ចាប់តាំងពីរដ្ឋប្រហារ។

លោកប្រធានាធិបតី បានថ្លែងចេញពីស្រុកកំណើត របស់លោកថា “ វាពិតជាគួរឲ្យស្អប់ខ្ពើម ណាស់ ហើយផ្អែកលើរបាយការណ៍ ដែលខ្ញុំបានទទួលមនុស្ស ជាច្រើនគួរឲ្យខ្លាច ដែលត្រូវបានសម្លាប់ ដោយគ្មានកំហុស” ។

ការសម្លាប់កាលពីថ្ងៃសៅរ៍ បានកើតឡើងបន្ទាប់ពីរបបយោធា បានធ្វើការបង្ហាញកម្លាំង ដ៏ធំមួយសម្រាប់ទិវាកងកំលាំង ប្រដាប់អាវុធប្រចាំឆ្នាំរបស់ខ្លួន និងបានគំរាមសម្លាប់រាល់អ្នក ដែលបង្កការរំខាននៅថ្ងៃនោះ។

ប្រធានគោលនយោបាយ ការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា “ឆ្ងាយពីការអបអរសាទរ យោធាមីយ៉ាន់ម៉ា បានធ្វើឱ្យមានភាពភ័យរន្ធត់ និងភាពអាម៉ាស់ កាលពីម្សិលមិញ” ។

ការថ្កោលទោសនេះបានកើតឡើង បន្ទាប់ពីប្រមុខការពារជាតិ នៃប្រទេសចំនួន ១២ រួមមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានប្រកាសបដិសេធ និងថ្កោលទោស របបយោធាមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍រួមដ៏កម្របានឲ្យដឹងថា “យោធាអាជីពធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្ត និងទទួលខុសត្រូវ ក្នុងការការពារ – មិនបង្កអន្តរាយដល់ប្រជាជន ដែលខ្លួនបម្រើនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top