បរទេស៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បាននិយាយនៅថ្ងៃចន្ទថា លោកនឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នា ជាមួយភាគីនយោបាយនានា ដែលជាប់ឆ្នោតជាសមាជិក Knesset ក្នុងក្តីសង្ឃឹមថា រដ្ឋាភិបាលចម្រុះមួយ អាចត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតកាលពីសប្ដាហ៍មុន រកមិនឃើញអ្នកឈ្នះច្បាស់លាស់។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងសម្ពន្ធមិត្តអភិរក្សនិយមរបស់លោក គឺបក្ស Likud Party បានបាត់បង់ភាពជាធំ ហើយការប្រឆាំងចំពោះលោក ហាក់កាន់តែមានភាពខ្លាំងក្លាឡើង នៅក្នុងចំណោមភាគីផ្សេងទៀត ដែលធ្វើឲ្យការចរចាកាន់តែលំបាកជាធម្មតា។
លោក Reuven Rivlin តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយភាគីទាំងអស់ ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយទៅ នៅមុនធ្វើការសម្រេចចិត្តថា អ្នកណាដែលលោកនឹងជ្រើសរើស ដើម្បីកសាងរដ្ឋាភិបាលចម្រុះមួយ។
គួរបញ្ជាក់ថា ការបរាជ័យ អាចនាំទៅរកការបោះឆ្នោតជាតិមួយផ្សេងទៀត ហើយនៅក្នុងឆ្នាំ២០២០ លោក Netanyahu និងគូប្រកួតនយោបាយដ៏ធំរបស់លោក គឺលោក Benny Gantz ទាំងពីររូបបានបរាជ័យក្នុង ការបង្កើតរដ្ឋាភិបាលចម្រុះ នៅក្នុងរដ្ឋសភា Knesset ១២០កៅអី។ លោក Gantz បានយល់ព្រមបង្កើតរដ្ឋាភិបាលរួបរួមមួយ ជាមួយលោក Netanyahu ធ្វើឲ្យក្រុមនយោបាយផ្សេងទៀតខឹង ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
