ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បង្កកការវិនិយោគ និងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា ដរាបណារដ្ឋាភិបាលជាប់ឆ្នោត វិលមកវិញ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក Katherine Tai តំណាងឲ្យពាណិជ្ជកម្មសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទថា ពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងបញ្ឈប់រាល់ការទាក់ទងជាមួយមីយ៉ាន់ម៉ា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគឆ្នាំ២០១៣ រហូតដល់ការវិលត្រឡប់ របស់រដ្ឋាភិបាលដែលបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ  ។

គួរបញ្ជាក់ថា ថ្ងៃសៅរ៍ គឺជាថ្ងៃបាតុកម្មបង្ហូរឈាមច្រើនបំផុតនៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈដែលមានមនុស្សស្លាប់ចំនួន១១៤ នាក់ ។ មនុស្ស០៥នាក់ទៀតត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទនៅពេលដែលមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវជាថ្មីម្តងទៀតប្រឆាំងនឹងយោធា ដែលបានវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីគ្រប់គ្រងអស់រយៈពេលមួយទសវត្សរ៍ ។

លោក Tai បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្លាប់របស់កងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករស្វែងរកសន្តិភាព និស្សិត កម្មករ និងមេដឹកនាំកម្មករ និងកុមារ បានធ្វើឱ្យមនសិការសហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង ។

លោក Tai ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី១៨ ខែមីនា បានថ្លែងថា “ សកម្មភាពទាំងនេះ គឺជាការវាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសទៅកាន់លទ្ធិប្រជាធិបតេយ្យ និងការខិតខំរបស់ប្រជាជនមីយ៉ាន់ម៉ា ដើម្បីទទួលបានអនាគតប្រកបដោយសន្តិភាព និងវិបុលភាព” ។

បន្ថែមលើការផ្អាកការងារលើកិច្ចព្រមព្រៀងនៃក្របខ័ណ្ឌឆ្នាំ២០១៣ លោក Tai បានថ្លែងថា ពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងពិចារណាលើស្ថានភាពរបស់មីយ៉ាន់ម៉ា នៅពេលដែលប្រទេសនេះធ្វើការជាមួយសភាសហរដ្ឋអាមេរិក ស្តីពីការត្រួតពិនិត្យឡើងវិញនូវកម្មវិធីប្រព័ន្ធទូទៅដែលកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិក និងផ្តល់នូវការចូលដំណើរការពាណិជ្ជកម្ម ពិសេសផ្សេងទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top