ព័ត៌មានអន្តរជាតិ

កាណាដា ផ្អាកប្រើប្រាស់ថ្នាំ វ៉ាក់សាំង កូវីដ១៩ AstraZeneca សម្រាប់មនុស្ស ក្រោម៥៥ឆ្នំា

បរទេស ៖ ប្រទេសកាណាដា នៅពេលថ្មីៗនេះ បានផ្អាកប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University សម្រាប់មនុស្ស អាយុក្រោម៥៥ឆ្នាំ ដោយលើកឡើង ពីក្តីព្រួយបារម្ភជុំវិញការកកឈាម ដែលត្រូវបានគេរាយការណ៍នៅតំបន់អឺរ៉ុប។
ការផ្អាកនេះ គឺត្រូវបានណែនាំដោយគណៈកម្មាធិការផ្តល់យោបល់ជាតិ ស្តីពីការចាក់ថ្នាំបង្កា ព្រោះថ្នាំវ៉ាក់សាំងនោះ មានការផ្សារភ្ជាប់ជាមួយ នឹងការកកឈាម នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

មកទល់ពេលបច្ចុប្បន្ននេះ មិនមានករណីបែបនោះ ត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសកាណាដានោះទេ ប៉ុន្តែមានករណីជាច្រើន ត្រូវបានគេរាយការណ៍ នៅក្នុងតំបន់អឺរ៉ុប ដែលជាចម្បងនោះ គឺនៅក្នុងចំណោមស្ត្រីមានវ័យក្រោមអាយុ៥៥ឆ្នាំ ។

លោកវេជ្ជបណ្ឌិត Shelley Deeks ជាអនុប្រធាននៃគណៈកម្មាធិការប្រឹក្សាជាតិ បាននិយាយនៅក្នុងអំឡុង សន្និសីទកាសែតមួយថា ពួកគេកំពុងតែស្នើឡើងថា ខេត្តនានាគួរតែផ្អាកកម្មវិធីចាក់ថ្នាំ AstraZeneca ព្រោះថ្នាំដទៃទៀត រកបានជាវិធានការ ការពារទុកមុន ស្របពេលដែលសុខាភិបាលកាណាដា ធ្វើការវិភាគលើហានិភ័យផ្ទាល់ខ្លួន ៕
ប្រែសម្រួល៖ប៉ាង កុង

To Top