ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្ត ហោះអាមេរិក ចូលរួមធ្វើសមយុទ្ធ ជាមួយកងទ័ពអាកាស និងទ័ពជើងទឹកឥណ្ឌា

បរទេស ៖ ប្រតិបត្តិការនៅចុង សប្ដាហ៍មួយ ដែលចូលរួមដោយក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក និងយោធាឥណ្ឌា តាមសេចក្តីរាយការណ៍ រួមមានការចូលរួមពីសំណាក់យន្តហោះចម្បាំងឥណ្ឌា ដែលផលិត ដោយរុស្ស៊ីផងដែរ ។

សហសមយុទ្ធដែនសមុទ្រ រយៈពេលពីរថ្ងៃ នៅមហាសមុទ្រឥណ្ឌានោះ មានការចូលរួមដោយនាវា ផ្ទុកយន្តហោះ អាមេរិក USS Theodore Roosevelt និងនាវាអមដំណើរ របស់វាចំនួន៣គ្រឿង កងដែនអាកាសរបស់នាវាផ្ទុកយន្តហោះទ័ពជើងទឹក នាវាចម្បាំងទ័ពជើងទឹក ឥណ្ឌា Shivalik និងយន្តហោះចារកម្ម P-8 ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធនោះ ក៏រួមមានទាំងយន្តហោះចម្បាំង Su-30MKI របស់កងទ័ពជើង អាកាសឥណ្ឌាផងដែរ ។

មន្ត្រីនាំពាក្យ កងទ័ពអាកាសឥណ្ឌាមួយរូប បាននិយាយប្រាប់ថា “ជាបឋម ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវភាពជាដៃគូ យន្តហោះចម្បាំង របស់កងកម្លាំងអាកាសឥណ្ឌា ក៏បានចូលរួមក្នុងសមយុទ្ធ ដែលផ្តល់ឲ្យកងទ័ពអាកាសឥណ្ឌា នូវឱកាសធ្វើការហាត់សមការស្ទាក់ដំណើរតាមដែនអាកាស និងកិច្ចការពារដែនអាកាស ជាមួយទ័ពជើងទឹករបស់អាមេរិក” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top