បរទេស ៖ ប្រទេសថៃ នឹងមិនបដិសេធ ការចូលរបស់ប្រជាជន ដែលភៀសខ្លួន ពីអំពើហឹង្សា នៅក្នុងប្រទេស មីយ៉ាន់ម៉ានោះទេ ខណៈការបង្ក្រាបដ៏សាហាវ ទៅលើការតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈនៅទីនោះ ។ ឧត្តមសេនីយ៍ប្រាយុទ្ធ បាននិយាយថា «ប្រទេសថៃនឹងមិនបង្វែរពួកគេចេញទេ ។ នៅពេលពួកគេជួបបញ្ហាយើង នឹងមិនបដិសេធពួកគេចូល ប្រទេសរបស់យើងទេ»។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់ អូចា បាននិយាយថា ស្ថានភាពកាន់តែអាក្រក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ខំឱ្យជនស៊ីវិលភៀសខ្លួន ទៅកាន់ព្រំដែនថៃ ។ ការហូរចូលនេះ បានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា បានចាប់ផ្តើមការវាយប្រហារ តាមអាកាសប្រឆាំង នឹងសហភាពជាតិការ៉ែន។ ប្រជាជនការ៉ែនប្រហែល ៣.០០០ នាក់បានភៀសខ្លួនឆ្លងព្រំដែនទៅប្រទេសថៃ ។
ពួកគេបានឆ្លងទន្លេ Salween ហើយពួកគេកំពុងស្នាក់នៅ Mae Sam Laep ក្នុងស្រុក Mae Sariang របស់ខេត្ត Mae Hong Son ។
ឧត្តមសេនីយ៍ប្រាយុធបាននិយាយថា រដ្ឋាភិបាលនឹងបញ្ជូនពួកគេមកវិញ នៅពេលដែលស្ថានភាពឆ្លងព្រំដែន ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព។ ប្រទេសថៃទទួលជនភៀសខ្លួន ប្រហែល ១០០,០០០ នាក់ហើយ ដែលមកពីប្រទេសមីយ៉ាន់ម៉ា នៅជំរុំតាមបណ្តោយព្រំដែន។
ប្រែសម្រួលៈ ណៃ តុលា