តូក្យូ ៖ ប្រទេសជប៉ុន និងឥណ្ឌូនេស៊ី បានចុះហត្ថលេខា កាលពីថ្ងៃអង្គារលើកិច្ចព្រមព្រៀងមួយ ដែលអាចធ្វើឱ្យការនាំចេញ ឧបករណ៍ការពារជាតិ ផលិតដោយជប៉ុន ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលភាគីទាំងពីរព្យាយាមជំរុញ កិច្ចសហប្រតិបត្តិការ ចំពេលដែលប្រទេសចិន បង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងដែនទឹកក្នុងតំបន់ ។
កិច្ចព្រមព្រៀង ស្តីពីការនាំចេញឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យាត្រូវបានចុះហត្ថលេខា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុននិងឥណ្ឌូនេស៊ី បានជួបគ្នានៅទីក្រុងតូក្យូ សម្រាប់កិច្ចពិភាក្សា ដែលគេហៅថា ២ បូក ២ ដែល ក្នុងនោះភាគីទាំងពីរ ក៏បានថ្កោលទោស ចំពោះការសម្លាប់អ្នកតវ៉ា ដោយសន្តិវិធី ដោយសន្តិសុខកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងថា រដ្ឋមន្រ្តីបានចែករំលែក ការព្រួយបារម្ភយ៉ាងខ្លាំង អំពីប្រទេសចិន បានបន្ត និងពង្រឹងការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយកម្លាំងនៅក្នុងសមុទ្រចិន ខាងត្បូង និងខាងកើត ដែលរួមមានការអនុម័តច្បាប់ ឆ្មាំសមុទ្រចិនថ្មី ដោយអនុញ្ញាតឲ្យកងកម្លាំងរបស់ខ្លួន អាចបាញ់ប្រហារលើនាវា បរទេស ដែលត្រូវបានគិតថា រំលោភចូលដែនទឹករបស់ខ្លួន។
ច្បាប់ដែលបានចូលជាធរមាន នៅក្នុងខែកុម្ភៈអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រចិន បាញ់លើនាវា ដែលលុកលុយចូលក្នុងអ្វី ដែលខ្លួនចាត់ទុកថា ជាដែនទឹករបស់ខ្លួន ។
ប្រទេសជប៉ុន មានបញ្ហាដោយសារនាវាយាមល្បាត ឆ្នេររបស់ចិន ចូលក្នុងដែនទឹករបស់ជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ នៅសមុទ្រចិនខាងកើត ហើយប្រទេសចិនអះអាងថា ជាប្រជុំកោះតូចៗដែលគ្មានមនុស្ស រស់នៅដោយហៅឈ្មោះកោះថា ជាកោះដាយយូ៕
ដោយ ឈូក បូរ៉ា