វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាសថា ទីប្រឹក្សាសន្តិសុខជាតិកំពូល របស់កូរ៉េខាងត្បូងសហរដ្ឋអាមេរិក និងជប៉ុន នឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីពិភាក្សាលើបញ្ហាគោលនយោបាយក្នុងតំបន់ និងការបរទេស។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នឹងចូលរួមជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន គឺលោក Suh Hoon និង លោក Shigeru Kitamura សម្រាប់កិច្ចពិភាក្សាត្រីភាគីនៅថ្ងៃសុក្រ នៅបណ្ឌិតសភាកងទ័ពជើងទឹក សហរដ្ឋអាមេរិក នៅ Annapolis រដ្ឋ Maryland ។
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា កិច្ចពិភាក្សានេះ នឹងក្លាយជាកិច្ចពិភាក្សាបីផ្លូវបែបនេះ លើកដំបូងចាប់តាំងពីរដ្ឋបាលលោក ចូ បៃដិន បានចូលកាន់តំណែងកាលពីក្នុងខែមករា។
សេចក្ដីថ្លែងការណ៍របស់សេតវិមានបានឲ្យដឹងថា “កិច្ចប្រជុំត្រីភាគីនេះ ផ្តល់នូវឱកាស សម្រាប់ប្រជាជាតិរបស់យើង ដើម្បីពិគ្រោះលើបញ្ហាក្នុងតំបន់ និងអាទិភាពគោលនយោបាយ ការបរទេសជាច្រើន រួមទាំងការថែរក្សាសន្តិភាព និងស្ថេរភាពនៅឧបទ្វីបកូរ៉េ ការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ” ។
សេតវិមានបានឲ្យដឹងទៀតថា កិច្ចប្រជុំនាពេលខាងមុខនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់ របស់សហរដ្ឋអាមេរិក នៅលើការ “ពង្រីក និងធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការរបស់យើង លើបញ្ហាសំខាន់ៗ និងជំរុញភាពរុងរឿងរួមគ្នា របស់យើងឆ្លងកាត់តំបនើឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ”។
នៅក្នុងកិច្ចប្រជុំភាគីអាមេរិក ទំនងជានឹងចែករំលែក លទ្ធផលជាមួយកូរ៉េខាងត្បូង និងជប៉ុនពីការត្រួតពិនិត្យ គោលនយោបាយរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង និងមានការពិគ្រោះយោបល់ ចុងក្រោយមុនពេលចេញផ្សាយព័ត៌មានលម្អិត។ សហរដ្ឋអាមេរិក បានឲ្យដឹងនៅមុននេះថា ខ្លួនស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃដំណើរការពិនិត្យឡើងវិញ។
បន្ទាប់ពីការបាញ់មីស៊ីលរបស់ កូរ៉េខាងជើងកាលពីសប្តាហ៍មុនលោក ចូ បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក នឹងឆ្លើយតបស្របទៅតាមនោះ ប្រសិនបើកូរ៉េខាងជើង បង្កើនភាពតានតឹង ហើយលោកក៏ត្រៀមសម្រាប់“ ទម្រង់ការទូតមួយចំនួនផងដែរ” ៕
ដោយ ឈូក បូរ៉ា