ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកចូល ភូមិនៅរដ្ឋការ៉ែន ៤ថ្ងៃជាប់ៗគ្នា

បរទេស៖ អាជ្ញាធរថៃបាននិយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ាប្រហែលជា ៥០នាក់ ដែលបានភៀសខ្លួនចេញពី ការវាយប្រហារតាមអាកាស ហើយចូលមកកាន់ខេត្ត Mae Hong Son ក្នុងប្រទេសថៃ គឺបានស្ម័គ្រចិត្តវិលត្រឡប់មកព្រំដែនវិញ បើទោះជាមានរបាយការណ៍នៃ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ នៅក្នុងរដ្ឋរបស់ពួកគេក៏ដោយ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា យោធាមីយ៉ាន់ម៉ាបានបើកការ វាយប្រហារតាមអាកាសនៅភាគខាងកើត រដ្ឋការ៉ែន អស់រយៈពេល ៤ ថ្ងៃជាប់ៗគ្នាដែលជាការវាយប្រហារ លើកដំបូងនៅក្នុងតំបន់នេះក្នុងរយៈពេលជាង ២០ឆ្នាំ ដោយបានបង្ខំឲ្យ មនុស្ស ៧.០០០នាក់រត់ចេញពីផ្ទះ។

ការវាយប្រហាររបស់ពួកយោធា បានវាយប្រហារលើទឹកដីដែល កាន់កាប់ដោយសហភាពជាតិការ៉ែន (KNU) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច ដ៏ធំមួយរបស់ប្រទេសភូមា ដែលបានកាន់កាប់មូលដ្ឋានយោធា។

ក្រុមនេះក៏មានការរិះគន់ជា សាធារណៈចំពោះរដ្ឋប្រហារយោធា និងបានផ្តល់ការជ្រកកោនសម្រាប់សកម្មជន ប្រឆាំងរដ្ឋប្រហាររាប់រយនាក់ នៅក្នុងទឹកដីរបស់ពួកគេ ចាប់តាំងពីកម្លាំងសន្តិសុខ បានចាប់ផ្តើមប្រើអាវុធ ដើម្បីបង្ក្រាបការតវ៉ាទូទាំងប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top