បរទេស៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិប្រចាំមីយ៉ានម៉ា លោកស្រី Christine Schraner Burgener បាននិយាយប្រាប់អង្គប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍ នេះថា ការសម្លាប់រង្គាល់នឹងជិតកើតមានខ្លាំងណាស់ ព្រោះតែមានការបង្ក្រាបខ្លាំងឡើងរបស់យោធា លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។
យោងតាមការថ្លែងដែលគេចែករំលែកឲ្យដល់អ្នកសារព័ត៌មានបានឲ្យដឹងថា លោកស្រី Christine Schraner Burgener បាននិយាយប្រាប់អង្គប្រជុំសម្ងាត់របស់ ក្រុមប្រឹក្សាមានសមាជិក១៥ ប្រទេសនោះថា យោធាដែលដណ្ដើមអំណាចនៅមីយ៉ានម៉ាកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ មិនអាចគ្រប់គ្រងប្រទេសបានទេ និងបានព្រមានថា ស្ថានភាពចំពោះមុខនឹងមាន តែអាក្រក់ឡើងតែម្យ៉ាង។

តាមសេចក្តីរាយការណ៍ លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “សូមពិចារណារកវិធីដែលមាន ដើម្បីចាត់វិធានការរួម និងធ្វើនូវអ្វីដែលត្រឹមត្រូវ នូវអ្វីដែលប្រជាជននៃប្រទេសមីយ៉ានម៉ាសមទទួលបាន និងទប់ស្កាត់គ្រោះមហន្តរាយដ៏ធំនៅកណ្ដាលតំបន់អាស៊ី”។
លោកស្រី Schraner Burgener បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែគិតដល់ចំណាត់ដ៏សំខាន់បំផុត ដើម្បីទប់ស្កាត់រុញច្រានមិនឲ្យកើតមាន នូវហេតុការណ៍នានា ស្របពេលដែលការ សម្លាប់រង្គាល់ជិតនោះកើតមាន៕
ប្រែសម្រួល៖ប៉ាង កុង
