រ៉ង់ហ្គូ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស ថាខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែ ជាឯកតោភាគី ប៉ុន្តែលើកលែង ចំពោះសកម្មភាព ដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាល ដែលបានរឹបអូសអំណាចកាលពីដើមខែកុម្ភៈកន្លងទៅ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វាហាប់ជាមួយក្រុមឧទ្ទាមជនជាតិភាគតិចយ៉ាងតិចពីរក្រុម ដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន។
ក្រុមបែបនេះរាប់សិបក្រុមបានស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាល ពេលខ្លះតាមរយៈការតស៊ូប្រដាប់អាវុធ សូម្បីតែពេលមានសន្តិភាពក៏ដោយ ក៏ទំនាក់ទំនងមានភាពតានតឹងនិងបទឈប់បាញ់ហាក់មានភាពផុយស្រួយ។
ចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី ផ្តោតលើការមិនគោរពស៊ីវិល អំពាវនាវដល់និយោជិកក្នុងវិស័យសាធារណៈ និងឯកជនបញ្ឈប់ការងារ ដែលគាំទ្រដល់យន្តការនៃការគ្រប់គ្រង។
ខ្លួនបាននិងកំពុងស្វែងរកសម្ព័ន្ធភាពជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលយោធា ដែលចង់ឲ្យគេបង្កើតនូវអ្វីដែលគេហៅថាកងទ័ពសហព័ន្ធ ជាអ្នកប្រឆាំងនឹងកងកំលាំងប្រដាប់អាវុធរដ្ឋាភិបាល។
ក្រុមបាតុករដោយសន្តិវិធីភាគច្រើននៅក្នុងទីក្រុងនិងទីប្រជុំជននៃប្រទេសមីយ៉ាន់ម៉ា បានប្រឈមមុខនឹងប៉ូលីស និងទាហាន ដែលប្រដាប់ដោយអាវុធសង្រ្គាម ដែលពួកគេបានប្រើប្រាស់ដោយសេរី ហើយយ៉ាងហោចណាស់មានអ្នកតវ៉ា និងអ្នកឈរមើលចំនួន ៥៣៦ នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានរាប់ថា អ្នកទាំងនោះអាចចងក្រងឯកសារបាន ហើយអះអាងថាចំនួនអ្នកស្លាប់ទំនងជាខ្ពស់ជាងនេះ។
មិនមានប្រតិកម្មភ្លាមៗចំពោះការប្រកាសបទឈប់បាញ់ពីកម្លាំងជនជាតិភាគតិចនោះទេ។ ក្រុមធំៗ ជាច្រើនរួមទាំងក្រុមកាឈិន នៅភាគខាងជើង តំបន់ការ៉ែននៅភាគខាងកើត និងកងទ័ពរ៉ាក់ឃីន នៅរ៉ាឃីននៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា បានបដិសេធជាសាធារណៈនូវការធ្វើរដ្ឋប្រហារ និងបានអះអាងថា ពួកគេនឹងការពារក្រុមបាតុករនៅក្នុងទឹកដី ដែលពួកគេគ្រប់គ្រង។
កងទ័ពឯករាជ្យកាឈិន ដែលជាក្រុមប្រដាប់អាវុធរបស់អង្គការឯករាជ្យកាឈិន បានវាយប្រហារស្ថានីយ៍ប៉ូលីសមួយនៅក្នុងសង្កាត់ Shwegu របស់រដ្ឋកាឈិន នៅមុនថ្ងៃរះ កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។ ក្រុមអ្នកវាយប្រហារត្រូវបានគេរាយការណ៍ថាបានរឹបអូសអាវុធ និងគ្រឿងផ្គត់ផ្គង់ និងមន្ត្រីប៉ូលីសម្នាក់រងរបួស៕ដោយ ឈូក បូរ៉ា