ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេដឹកនាំជាង ២៥ នាក់មកពីក្រុមប្រទេស G20 និង G7 និងមកពីគ្រប់តំបន់ទាំងអស់ បានរួបរួមគ្នាអំពាវនាវជាបន្ទាន់ឲ្យមានសន្ធិសញ្ញាអន្តរជាតិ សម្រាប់ការត្រៀមបង្ការ និងការឆ្លើយតបរាតត្បាតរាតត្បាត។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានលើកឡើងថា សន្ធិសញ្ញារាតត្បាតនេះ គឺជាការប្តេជ្ញាចិត្តជំនាន់មួយ ដើម្បីរក្សាពិភពលោកឱ្យមានសុវត្ថិភាពពីធាតុបង្កជំងឺថ្មី ដែលមានសក្តានុពលរាតត្បាតនាពេលអនាគត។
នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកលោក Tedros បានលើកឡើងថា“ មានការទទួលស្គាល់ និងបន្ទាបខ្លួនពីអ្នកដឹកនាំទាំងនោះ ដែលពិភពលោកទាំងមូលមិនបានត្រៀមខ្លួន សម្រាប់ការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសដំបូងគេ ដែលមិនធ្លាប់មាន ហើយការឆ្ពោះទៅមុខយើងត្រូវតែធ្វើការរួមគ្នាឱ្យបានល្អប្រសើរក្នុងការផ្ទុះឡើងនាពេលអនាគត” ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា សប្តាហ៍នេះមេដឹកនាំបានចូលរួមក្នុងការអំពាវនាវឱ្យមានសន្ធិសញ្ញារាតត្បាត ដែលត្រូវបានគេរំពឹងថា នឹងរៀបចំពិភពលោក សម្រាប់ភ្នាក់ងារបង្កជំងឺថ្មី ដែលមានសក្តានុពលរាតត្បាតនាពេលអនាគត។
កាលពីព្រឹកថ្ងៃពុធ អង្គការសុខភាពពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមធំបំផុត សម្រាប់សហគមន៍ពិភពលោក ចាប់តាំងពីទសវត្សឆ្នាំ ១៩៤០ ហើយគ្មានរដ្ឋាភិបាល ឬទីភ្នាក់ងារពហុភាគីណាមួយ អាចដោះស្រាយបញ្ហាអាសន្នរោគ និងសុខភាពសំខាន់ៗនាពេលអនាគតបាននោះទេ៕ដោយ ឈូក បូរ៉ា