រីយ៉ាដ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងប្រទេសមិនមែន OPEC ដែលត្រូវបានគេស្គាល់ថា OPEC Plus បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ តាមអ៊ីធឺណិតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនផលិតកម្មប្រេង សម្រាប់ខែឧសភាមិថុនា និងខែកក្កដា ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីថ្លែងការណ៍របស់ OPEC បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយរដ្ឋមន្ត្រីថាមពលអារ៉ាប់ប៊ីសាអូឌីត Abdulaziz bin Salman និងឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak ។
ការសម្រេចចិត្តត្រូវបានធ្វើឡើង ដោយផ្អែកលើការធ្វើឱ្យប្រសើរឡើងនៃទីផ្សារ ដែលគាំទ្រដោយកម្មវិធីចាក់វ៉ាក់សាំងសកល និងកញ្ចប់ជំរុញសេដ្ឋកិច្ច នៅក្នុងប្រទេសសេដ្ឋកិច្ចសំខាន់ៗ។
ការប្រជុំបន្ថែមទៀតនឹងត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃពីស្ថានភាពទីផ្សារ និងធ្វើការសម្រេចចិត្តលើការកែតំរូវផលិតកម្ម ដោយការកែសម្រួលនីមួយៗមិនលើសពី ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
អង្គការ OPEC បានព្រមព្រៀងគ្នាកាលពីខែមេសាឆ្នាំ២០២០ ដើម្បីកាត់បន្ថយទិន្នផលប្រេងចំនួន ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃ នៅពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩បានរីករាលដាលដល់តម្រូវការហើយបានសម្រេចចិត្តនៅពេលក្រោយ ដើម្បីកាត់បន្ថយ ប៉ុន្តែមានចំនួនតិចរហូតដល់ចុងឆ្នាំមុន៕ដោយ ឈូក បូរ៉ា


