ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី វ័យ៧៥ឆ្នាំ ត្រូវយោធាចោទ ប្រកាន់ថ្មីទៀត ដែលនឹងអាចជាប់ ពន្ធនាគារ រហូតដល់១៤ឆ្នាំ

បរទេស ៖ មេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រីអ៊ុងសាន ស៊ូជី ដែលត្រូវបាន បណ្តេញចេញពីតំណែង ត្រូវបានយោធា ចោទប្រកាន់ពីបទ រំលោភច្បាប់ការសំងាត់ផ្លូវការ ក្នុងសម័យអាណានិគម ដែលជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងលោកស្រី រហូតមកដល់ពេលនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មេធាវីរបស់នាង បានប្រាប់រ៉យទ័រថា លោកស្រីបានដឹងពីបទ ចោទប្រកាន់ថ្មី ដែលអាចជាប់ពន្ធនាគារ រហូតដល់ ១៤ ឆ្នាំពោល គឺទើបតែ ២ ថ្ងៃមុននេះប៉ុណ្ណោះ។

ការចោទប្រកាន់ថ្មី កើតឡើងមួយថ្ងៃបន្ទាប់ ពីលោកស្រីស៊ូជី បានបង្ហាញខ្លួនតាមប្រព័ន្ធ វីដេអូ នៅក្នុងតុលាការទាក់ទង នឹងការចោទប្រកាន់មុនៗ។ លោកស្រីត្រូវបានចាប់ខ្លួននៅថ្ងៃទី ១ ខែកុម្ភៈនៅពេលដែលយោធា ដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារ ។

ពួកគេបានចោទ ប្រកាន់ថា ការបោះឆ្នោតទូទៅ កាលពីឆ្នាំមុនដែលមើលឃើញ គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ របស់លោកស្រីស៊ូជីឈ្នះ ដោយការភ្លូក ទឹកភ្លូកដីនោះ គឺជាការលួចបន្លំ – ទោះបីមិនមានភ័ស្តុតាងបញ្ជាក់អំពីបញ្ហានេះក៏ដោយ។

ប្រទេសមីយ៉ាន់ម៉ា បានរងនូវការតវ៉ាជាច្រើន សប្តាហ៍ចាប់តាំងពីរដ្ឋប្រហារ ដែលបានជួបប្រទះ នឹងការបង្ក្រាបដោយយោធា កាន់តែខ្លាំងឡើង ៗ ។ មានមនុស្សជាង ៥០០ នាក់ ក្នុងនោះមានកុមារ ៤០ នាក់ ត្រូវបានសម្លាប់ ។ លោកស្រីស៊ូជីមិនត្រូវបាន គេមើលឃើញជាសាធារណៈទេ ចាប់តាំងពីលោកស្រី ត្រូវបានចាប់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top