ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នំា២០២១ថាប្រទេសហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃសុក្រ ទី០២ ខែមេសាថា មានករណីឆ្លង មេរោគកូវីដ១៩ថ្មីចំនួន១៥.៣១០ នាក់ដែលជារបាយការណ៍មួយខ្ពស់បំផុត នៅក្នុងតំបន់ចាប់តាំងពីការ រាតត្បាតដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៧៧១.៤៩៧ករណី ។
ហ្វីលីពីន បានប្រកាសពីការស្លាប់បន្ថែមចំនួន ១៧នាក់ដែលនាំឱ្យមានអ្នកស្លាប់ កើនដល់ទៅ១៣.៣២០នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រថា រួមមានការថយចុះចំនួន៣.៧០៩នាក់ កំណត់ត្រាមុន គឺមានតែជាង១០.០០០ករណីថ្មីប៉ុណ្ណោះ ។
ប្រទេសហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេស ចំនួន០៤ រួមជាមួយប្រទេសបង់ក្លាដែស កេនយ៉ា និងប៉ាគីស្ថានបានបន្ថែមទៅក្នុងបញ្ជីក្រហម របស់អង់គ្លេសកាលពីថ្ងៃសុក្រ ។ ប្រជាជនដែលមកពីប្រទេស ក្នុងបញ្ជីត្រូវហាមឃាត់មិនឱ្យចូលប្រទេស អង់គ្លេស លើកលែងតែពួកគេជាជនជាតិ អង់គ្លេស ឬអៀរឡង់ ។
ការហាមឃាត់នេះ នឹងចូលជាធរមាន ចាប់ពីម៉ោង៤ព្រឹកថ្ងៃទី៩ ខែមេសា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា