ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទាមទារឲ្យមានវិធីសាស្រ្ត មានលក្ខណៈស្ថាបនាពីអ្នកចូលរួម JCPOA អឺរ៉ុប ក្នុងកិច្ចប្រជុំទីក្រុងវីយែន

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវដល់អ្នកចូលរួមពីប្លុក អឺរ៉ុបក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីរក្សាឥរិយាបថស្ថាបនា ក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែមេសា នៅទីក្រុងវីយែន។

គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ីរ៉ង់​បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោកហ្សារីហ្វ បានធ្វើការទាមទារនៅថ្ងៃសៅរ៍ក្នុងការ​សន្ទនាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេស​របស់លោក គឺលោក Dominic Raab តាមការចង់បានខាងលើនេះ។

យោងតាមរបាយការណ៍​របស់អ្នកការទូតទាំងពីរបាន​ពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយ​ដែលទាក់ទងទៅនឹងផែនការសកម្មភាពរួម (JCPOA) នៅក្នុងការអំពាវនាវ ដែលបានធ្វើឡើងតាមការ​ស្នើសុំរបស់ភាគីអង់គ្លេស។

លោកហ្សារីហ្វ បានបញ្ជាក់ជាថ្មីនូវជំហរ​របស់ទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់នឹងវិលត្រឡប់ទៅរកកាតព្វកិច្ច JCPOA របស់ខ្លួន បន្ទាប់ពីការដាក់ទណ្ឌកម្ម “ខុសច្បាប់ និងអយុត្តិធម៌” ដែលបានដាក់ដោយសហរដ្ឋអាមេរិក ត្រូវបានដកចេញ និងផ្ទៀងផ្ទាត់ដោយអ៊ីរ៉ង់ទាំងស្រុង។

យោងតាមប្រភពពីអ៊ីរ៉ង់ អ្នកការទូតអង់គ្លេសរូបនេះ បានលើកឡើងថា ប្រទេសរបស់លោក នឹងខិតខំប្រឹងប្រែងសម្រាប់ការចរចា ដើម្បីទទួលបានផ្លែផ្កា នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ដែលកំពុងជាប់គាំងមួយនេះ។

ភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានយល់ព្រមកោះប្រជុំនៅប្រទេសអូទ្រីស កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សារកវិធី ដើម្បីនាំកិច្ចព្រមព្រៀងនេះឱ្យមានជីវិតឡើងវិញ និងដើម្បីឲ្យអាមេរិក វិលចូលកិច្ចព្រមព្រៀងនេះវិញយ៉ាងពេញលេញ​។

អ្នកនាំពាក្យក្រសួងការបរទេស​សហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់កាលពីថ្ងៃសុក្រថា​តំណាងទីក្រុងវ៉ាស៊ីនតោន នឹងចូលរួមការជួបគ្នានៅទីក្រុងវីយែន ហើយបានលើកឡើងថា ប្រទេសនេះនៅតែបើកចំហ ចំពោះការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់​៕

ដោយ ឈូក បូរ៉ា

To Top