បរទេស ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi នៅថ្ងៃចន្ទនេះ បានបង្ហាញ នូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ប្រាប់ដល់សមភាគីចិន ស្តីពីការលុកលុយ របស់ចិននៅក្នុងដែនទឹក ស្ថានភាពនៅហុងកុង និងស្ថានភាពសិទ្ធិមនុស្ស របស់ជនជាតិភាគតិច របស់ប្រទេសចិន។
ការអះអាងកម្មសិទ្ធិផ្តាច់មុខ របស់ចិន នៅក្នុងដែន សមុទ្រខាងកើត និងដែនសមុទ្រចិនខាងត្បូង បានក្លាយជាបញ្ហាអាទិភាពមួយ ក្នុងចំណងមិត្តភាពកាន់ តែធ្លាក់ចុះខ្លាំងឡើង រវាងចិននិងសហរដ្ឋអាមេរិក និងជាក្តីព្រួយបារម្ភសន្តិសុខមួយ សម្រាប់ប្រទេសជប៉ុន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសជប៉ុន បាននិយាយថា នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយលោក វ៉ាង យី ជារដ្ឋមន្ត្រីការបរទេសចិននោះ លោក Toshimitsu Motegi បានបង្ហាញនូវក្តីព្រួយបារម្ភដ៏ខ្លាំងក្លា ស្តីពីការលុកលុយរបស់ចិន ចូលក្នុងដែនទឹក ក៏ដូចជាស្ថានភាពហុងកុង និងបញ្ហាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងជនជាតិភាគតិច Uighur ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមទៀតនោះ សេចក្តីថ្លែងការណ៍ក្រសួង ការបរទេសជប៉ុន បាននិយាយដូច្នេះថា “លោកក៏បានស្នើយ៉ាងមុតមាំ ឲ្យមានចំណាត់ការ ជាក់លាក់ផងដែរ” ៕ ប្រែសម្រួល៖ប៉ាង កុង