ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញចិន ឲ្យដោះស្រាយបញ្ហាសិទ្ធិមនុស្ស ជនជាតិអ៊ុយហ្គ័រ និងប្រជុំកោះសេនកាគូ

តូក្យូ ៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានទទូច ដល់ប្រទេសចិន ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស ទាក់ទងនឹងជនជាតិភាគតិច អ៊ុយហ្គ័រ នៅស៊ីនជាំងភាគខាងលិចប្រទេសចិន ក៏ដូចជាបញ្ឈប់ការជ្រៀត ចូលរបស់ខ្លួនចូលទៅក្នុងដែន ទឹកជប៉ុន នៅជុំវិញប្រជុំកោះសេនកាគូ នៅសមុទ្រចិនខាងកើត។

ការជំរុញរបស់លោក Motegi ក្នុងកិច្ចពិភាក្សា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ លើជនជាតិភាគតិចអ៊ុយហ្គ័រ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដែលក្រសួងការបរទេស បានចេញផ្សាយកាលពីសប្តាហ៍មុន។

លោក Motegi បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តច្បាប់សន្តិសុខ តាមសមុទ្រថ្មីរបស់ទីក្រុងប៉េកាំង ដែលអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រចិន បាញ់លើនាវាបរទេស ក្នុងដែនទឹកដែលខ្លួនមើលឃើញថា ជាទឹកដីរបស់ខ្លួនក៏ដូចជាការប៉ុនប៉ងរបស់ចិន ក្នុងការពង្រឹងការក្តាប់របស់ខ្លួននៅហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស នេះបើតាមការបញ្ជាក់របស់ក្រសួង ការបរទេសជប៉ុន។

យោងតាមក្រសួងការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា លោកប្រឆាំងនឹងការជ្រៀតជ្រែករបស់ជប៉ុន នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដូចជាបញ្ហានៅតំបន់ស៊ីនជាំង និងហុងកុង។

នេះជាលើកទីមួយហើយ ដែលរដ្ឋមន្ត្រីទាំងពីរបានបើកកិច្ចពិភាក្សា ចាប់តាំងពីលោកវ៉ាង យី បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងខែវិច្ឆិកា។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ការសន្ទនា ៩០ នាទីខាងលើនេះ ធ្វើឡើងតាមសំណើរបស់ចិន។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាលោក Motegi និងលោក វ៉ាង យី បានបញ្ជាក់ពីការសម្របសម្រួលអន្តរជាតិ ក្នុងការដោះស្រាយជាមួយរដ្ឋប្រហារ នៅមីយ៉ាន់ម៉ា និងការបង្ក្រាបបង្ហូរឈាមរបស់យោធា ទៅលើក្រុមបាតុករ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

នៅក្នុងនោះដែរអ្នកទាំងពីរក៏បានឯកភាពផងដែរថា វាសំខាន់ណាស់ដែលសមាជិកសហគមន៍អន្តរជាតិ អនុវត្តការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសកូរ៉េខាងជើង យ៉ាងពេញទំហឹង ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។

លោកវ៉ាង យី បានសម្តែងការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតូក្យូ ក្នុងការដោះស្រាយការចាប់ពង្រត់ ជនជាតិជប៉ុន របស់ក្រុងព្យុងយ៉ាង ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ។

យោងតាមក្រសួងបានឱ្យដឹងថា ខណៈដែលមានការព្រមព្រៀងគ្នា ដើម្បីធ្វើការពិគ្រោះយោបល់ ឱ្យកាន់តែស៊ីជម្រៅលើបញ្ហាសកលដូចជាមេរោគកូវីដ-១៩ និងការផ្លាស់ប្តូរអាកាសធាតុ រដ្ឋមន្រ្តីទាំងពីររូប បានបញ្ជាក់ពីការសម្របសម្រួល ក្នុងការធានាបរិយាកាសធុរកិច្ចត្រឹមត្រូវ និងស្មើភាពគ្នារវាងសេដ្ឋកិច្ចធំបំផុត ទាំងពីររបស់អាស៊ី ៕ដោយ ឈូក បូរ៉ា

To Top