ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិក ស៊ីក្លូន Seroja សម្លាប់ពលរដ្ឋនៅឥណ្ឌូនេស៊ី អស់តិចបំផុត១២៨នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារជួយសង្គ្រោះគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់ពលរដ្ឋចំនួន១២៨នាក់ បានស្លាប់ និង៧២នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន នៅក្នុងពេលមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដ៏អាក្រក់ ដែលបង្កឡើងដោយព្យុះត្រូពិក ស៊ីក្លូន Seroja ដែលបានកើតឡើងនៅខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី ។

លោក Raditya Jati ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ក្រុងចំនួន០៨នៅក្នុងខេត្តបានរងនូវផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន ។

គាត់បានលើកឡើងថា ៦៧នាក់ត្រូវបានរកឃើញថាស្លាប់ នៅក្នុងស្រុក Lembata ហើយ៤៩នាក់នៅស្រុក East Flores និងនៅស្រុក Alor មានអ្នកស្លាប់ចំនួន១២នាក់ ។

អ្នកនាំពាក្យបានបញ្ជាក់ថា “ក្រុមអាជ្ញាធរ បន្តកែសម្រួលទិន្នន័យដែលទទួលបានថ្មីៗពីការវាយតម្លៃភ្លាមៗនៅដែលពេលទទួលបាន” ។

លោក បានបន្ថែមថា ចំនួនពលរដ្ឋដែលបានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេនៅក្នុងខេត្តនេះបានកើនឡើងដល់៨.៤២៤នាក់ ខណៈដែលគ្រោះទឹកជំនន់ និងគ្រោះបាក់ដី បានបំផ្លាញផ្ទះអស់ជាច្រើនខ្នង កន្លែងសាធារណៈ ដងផ្លូវ និងស្ពានជាច្រើនកន្លែង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top