ខាធូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤០នាក់បានស្លាប់ នៅក្នុងពេលមានអំពើហិង្សាប៉ះទង្គិចគ្នា នៅ El Geneina ដែលជារដ្ឋធានីនៃរដ្ឋ West Darfur ប្រទេសស៊ូដង់ ។ យោងតាមការិយាល័យសម្របសម្រួលមនុស្សធម៌នៃអង្គការសហប្រជាជាតិ ប្រចាំនៅស៊ូដង់ (OCHA)បានឲ្យដឹងដូច្នេះ ។
ការិយាល័យ OCHA បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ចាប់តាំងពីថ្ងៃទី០៣ ខែមេសា មានពលរដ្ឋចំនួន៤០នាក់ត្រូវបានសម្លាប់នៅក្នុងពេលប៉ះទង្គិចគ្នារវាងក្រុមកុលសម្ព័ន្ធ Al-Massalit និងកុលសម្ព័ន្ធ Arab និងបង្ករបួសចំនួន៥៨នាក់” ។
ការិយាល័យបានឲ្យដឹងទៀតថា ស្ថានភាព “នៅតែមានភាពតានតឹងនៅឡើយទេ” នៅរដ្ឋធានី El Geneina ហើយការបាញ់ប្រហារគ្នានៅតែបន្តកើតមានឡើង ជាក់ស្តែងបានកើតឡើងកាលពីរសៀលថ្ងៃចន្ទ ។
នៅក្នុងសេចក្តីប្រកាសបានដាក់ថា ប្រតិបត្តិការមនុស្សធម៌ និងជើងហោះហើរជាច្រើនត្រូវបានផ្អាក នៅរដ្ឋធានី El Geneina រហូតដល់ស្ថានភាពសន្តិសុខមានភាពប្រសើរឡើងវិញ ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ និងការពាររបស់ប្រទេសស៊ូដង់ បានប្រកាសកាលពីថ្ងៃចន្ទ ថា រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅរដ្ឋ West Darfur និងកំណត់ពេលជាប្រក្រតីវិញ ដើម្បីអនុម័តលើវិធានការចាំបាច់នានាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ៕