វីយែន ៖ គណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួម (JCPOA) ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តកិច្ចពិភាក្សា នៅទីក្រុងវីយែន កាលពីថ្ងៃអង្គារ ដោយការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងវិធានការអនុវត្តនុយក្លេអ៊ែរ ស្ថិតនៅលើកំពូល នៃរបៀបវារៈ។
កិច្ចប្រជុំនេះបានទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់សាធារណជន នៅពេល ដែលអ្នកតំណាង មកពីសហរដ្ឋអាមេរិក កំពុងស្ថិតនៅទីក្រុងវីយែន ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង កាលពីឆ្នាំ២០១៥ ប៉ុន្តែបានធ្វើឱ្យពិការ ដោយសហរដ្ឋអាមេរិក ដកខ្លួននៅឆ្នាំ ២០១៨ ហើយការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ នឹងបន្តទៅមុខទៀត ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានប្រាប់អ្នកយកព័ត៌មានថា “ការពិភាក្សាទាំងនេះ នៅក្នុងទីក្រុងវីយែន ទោះបីជាយើងមិន បានជួបផ្ទាល់ជាមួយអ៊ីរ៉ង់ ដូចដែលយើងបាននិយាយក៏ដោយ វាគឺជាជំហានស្វាគមន៍មួយ វាគឺជាជំហាន ស្ថាបនាមួយ វាគឺជាជំហានប្រកប ដោយសក្តានុពល” ។
លោកបានបន្ដថា“ យើងមិនរំពឹងថា នឹងមានរបកគំឃើញភ្លាមៗនោះទេ យើងដឹងថាវានឹងមានការពិភាក្សា លំបាកនៅពេលខាងមុខ ប៉ុន្តែម្តងទៀតនេះ គឺជាជំហានឆ្ពោះទៅមុខប្រកបដោយលទ្ធផលល្អ។
លោកបានកត់សម្គាល់ថា ក្រុមការងារចំនួនពីរ នៅក្នុងកិច្ចប្រជុំនេះ ផ្តោតលើជំហានរៀងៗ ខ្លួនសម្រាប់ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែររស់ឡើងវិញ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។
អ្វីដែលមាននៅលើតុនៅទីក្រុងវីយែនថ្ងៃនេះ និងប៉ុន្មានថ្ងៃបន្ទាប់ទៀត គឺការពិភាក្សាដោយប្រយោលដំបូង អំពីជំហានដំបូងអ្វី ដែលអ៊ីរ៉ង់នឹងត្រូវធ្វើ ដើម្បីបន្តការអនុលោមតាម JCPOA និងអ្វីដែលសហរដ្ឋអាមេរិក នឹងត្រូវការដើម្បីធ្វើបន្តទៀត និងអនុលោមតាម JCPOA ។
លោករំពឹងថា សហរដ្ឋអាមេរិក អាចមានការយល់ដឹង កាន់តែច្បាស់ អំពីផែនទីបង្ហាញផ្លូវសម្រាប់ វិធីដែលភាគីទាំងពីរទទួលបានការ គោរពគ្នាទៅវិញទៅមកជាមួយ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចពិភាក្សា នៅទីក្រុងវីយែន៕
ដោយ ឈូក បូរ៉ា