ព័ត៌មានអន្តរជាតិ

ក្រុមតំណាងរដ្ឋាភិបាល ស៊ីវិល មីយ៉ាន់ម៉ា ចងក្រងឯកសារស្តីអំពី ការរំលោភសិទ្ធិ មនុស្សបង្កដោយ ក្រុមយោធា

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថាក្រុមមួយ ដែលតំណាងឱ្យ រដ្ឋាភិបាលស៊ីវិល ដែលត្រូវបានបណ្តេញចេញ ពីប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងនៅថ្ងៃពុធ ទី០៧ ខែមេសានេះថា ខ្លួនបានប្រមូលភស្តុតាង ចំនួន១៨០.០០០ករណី ដែលបង្ហាញពីការរំលោភសិទ្ធិមនុស្ស ដោយរបបយោធា រួមមានការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស ក្រៅប្រព័ន្ធតុលាការ ។

ប្រទេសនេះស្ថិត ក្នុងភាពច្របូកច្របល់ ចាប់តាំងពីកងទ័ព បានទម្លាក់មេដឹកនាំ ស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលមានមនុស្ស ជិត៦០០នាក់ បានស្លាប់នៅក្នុងការបង្ក្រាប បាតុកម្មប្រឆាំង រដ្ឋប្រហារ ។

គណៈកម្មាធិការ សម្រាប់តំណាងសភា Pyidaungsu Hluttaw (CRPH) ដែលជាក្រុមសមាជិកសភា មកពីគណបក្ស លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា មេធាវី របស់ខ្លួននឹងជួបអ្នកស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីអំពើ ឃោរឃៅ ដែលត្រូវបានចោទប្រកាន់ ដែលបង្កដោយរបបយោធា ។

ក្រុមនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ CRPH បានទទួលវត្ថុតាង ចំនួន១៨០.០០០ករណី ។ ភស្តុតាងនេះបង្ហាញ ពីការរំលោភសិទ្ធិមនុស្ស ជាទូទៅដោយយោធា ” ។

សេចក្តីថ្លែងការណ៍បានដាក់ថា វត្ថុតាងទាំងនោះ រួមបញ្ចូលការប្រហារជីវិតក្រៅប្រព័ន្ធតុលាការលើសពី៥៤០នាក់ អ្នកទោស១០នាក់ ត្រូវបានឃុំឃាំង ធ្វើទារុណកម្ម ការឃុំខ្លួនខុសច្បាប់ និងការប្រើប្រាស់ កម្លាំងមិនសមាមាត្រប្រឆាំង នឹងការតវ៉ាដោយសន្តិវិធី ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top