ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ​ធ្វើទស្សនកិច្ចប៉ាគីស្ថាន​ ក្នុងដំណើរស្វែងរកសន្តិភាព​អាហ្វហ្គានីស្ថាន

បរទេស៖​ រដ្ឋមន្ត្រីការបរទេស​របស់ប្រទេសរុស្ស៊ី លោក Sergey Lavrov នៅថ្ងៃពុធនេះ បានជួរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាត ដើម្បីពិភាក្សាគ្នាស្តីពីដំណើរការ​សន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលប្រទេសទាំងពីរ មានប្រវត្តិសាស្ត្រពាក់ព័ន្ធជាយូរមកហើយ។

នេះគឺជាលើកទីមួយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើទស្សនកិច្ចប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ហើយដំណើរទស្សនកិច្ចនេះ គឺបានធ្វើឡើងចំពោះពេលវេលាដ៏រសើបមួយ សម្រាប់អាហ្វហ្គានីស្ថាន ជាមួយនឹងកិច្ចពិភាក្សាសន្តិភាព ដែលមានភាពវិវត្តទៅមុខតិចតួច និងកាលផុតកំណត់សម្រាប់​អាមេរិកដកកងទ័ពរបស់ខ្លួន។

ក្រោយជំនួបនោះ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmoud Qureshi បានមានប្រសាសន៍លើបណ្ដាញ​ផ្សព្វផ្សាយសង្គមធ្វីតធ័រដូច្នេះថា “(ប៉ាគីស្ថាននិងរុស្ស៊ី) មានគោលជំហរដូចគ្នា លើបញ្ហាមួយចំនួន ដែលរួមបញ្ចូលទាំងសន្តិភាព​និងស្ថិរភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”​។

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីចំណងមិត្តភាពសេដ្ឋកិច្ច ថាមពល និងសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងដំណើរការលើ​គម្រោងបំពង់ឧស្ម័នដ៏ធំមួយ​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top