ព័ត៌មានអន្តរជាតិ

រដ្ឋសភាវៀតណាម តែងតាំងរដ្ឋមន្រ្តីថ្មី ១២រូប ក្នុងនោះមានទាំងរដ្ឋមន្រ្តីការពារជាតិផង

ហាណូយ៖ រដ្ឋសភាប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលអនុម័តលើសំណើររបស់នាយករដ្ឋមន្រ្តីក្នុងការ តែងតាំងរដ្ឋមន្រ្តីថ្មីចំនួន ១២ រូប និងសមាជិករដ្ឋាភិបាល សម្រាប់អាណត្តិ ២០១៦ – ២១ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ជាន់ខ្ពស់ Phan Văn Giang សមាជិកក្រុមប្រឹក្សាភិបាលអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម, អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានតែងតាំង ជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអចិន្ត្រៃយ៍ លោក Bùi Thanh Sơn, អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Phạm Thị Thanh Trà; អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Lê Minh Hoan; អនុរដ្ឋមន្រ្តីក្រសួងសំណង់ Nguyễn Thanh Nghị; និងអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Nguyễn Văn Hùng ក៏ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំនៃក្រសួងរៀងៗខ្លួនផងដែរ។

អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ Hầu A Lềnh ត្រូវបានចាត់តាំងឱ្យបម្រើការជារដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច។

អនុប្រធានអចិន្ត្រៃយ៍នៃការិយាល័យរដ្ឋាភិបាលលោក Trần Văn Sơn គឺជារដ្ឋមន្រ្តីនិងជាប្រធានការិយាល័យរដ្ឋាភិបាល។ អគ្គសវនករនៃការិយាល័យសវនកម្មរដ្ឋ លោក Hồ Đức Phớc បានក្លាយជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ; សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិវៀតណាម ក្រុង ហាណូយ Nguyễn Kim Sơn បច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល។ អនុប្រធានគណៈកម្មាធិការប្រជាប្រិយរបស់គណៈកម្មាធិការកណ្តាលបក្ស លោក Nguyễn Hồng Diên ក្លាយជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ ចំណែកលេខាគណៈកម្មាធិការបក្សខេត្ត Nam Định និងជាប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត Nam Định លោក Đoàn Hồng Phong បច្ចុប្បន្នជាប្រធានអធិការកិច្ច នៃអធិការដ្ឋានរដ្ឋាភិបាល៕ប្រែសម្រួលៈ ណៃ តុលា

To Top