ព័ត៌មានអន្តរជាតិ

បារាំង ចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួន ជាង១០លាននាក់ រួចហើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពលរដ្ឋរបស់ប្រទេសបារាំង ប្រមាណជាជាង១០លាននាក់ មកហើយដែលបាន ទទួលវ៉ាក់សាំងដំបូង នៅក្នុងប្រទេសបារាំង ខណៈដែលនាយករដ្ឋមន្ត្រី លោក Jean Castex បានសន្យាថា នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ឲ្យបានលឿនជាងនេះ ។

ថ្លែងទៅកាន់ ក្រុមអ្នកព័ត៌មាន លោក Castex បាននិយាយថា ពួកយើងស្ថិតនៅក្នុងចំណុចមួយ ដែលលឿនជាងគោលដៅ របស់យើងដល់ទៅ១សប្តាហ៍ ។ នេះ គឺជាកិច្ចការងារ ដ៏ល្អបំផុត ពីសំណាក់ ក្រុមការងារហើយបារាំង ពិតជាបានធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋយើងបានច្រើនមែនទែន ហើយមកដល់ពេលនេះយើង បានដាក់គោល ដៅថ្មីមួយទៀត គឺចាក់វ៉ាក់សាំង ឲ្យបានទៅដល់២០លាននាក់ ផងដែរ។

គោលដៅថ្មី របស់រដ្ឋាភិបាលបារាំង គឺធ្វើយ៉ាង ណាអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋ របស់ខ្លួនឲ្យបាន២០លាននាក់ នៅត្រឹមពាក់កណ្តាល ខែឧសភានិងឲ្យបាន សរុប៣០លាននាក់ ឬ២ភាគ៣ នៃមនុស្សពេញវ័យ នៅពាក់កណ្តាលមិថុនា ។

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យ របស់រដ្ឋាភិបាលបារាំង នៅថ្ងៃសុក្រនេះផងដែរ បាននិយាយថា បញ្ហាស្ថានភាពសុខាភិបាល នៅតែកំពុងស្ថិត នៅក្នុងភាពតានតឹង នៅឡើយដោយអត្រា ឆ្លងអាចមានរហូតទៅដល់៤០០នាក់ ក្នុងចំណោមមនុស្ស ១០០ ០០០នាក់នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top